ក្រសួងការបរទេសកាតាកាលពីថ្ងៃអង្គារ បានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធមួយចំនួន ទៅកាន់ប្រទេសអ៊ីស្រាអែល។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ គឺជា «ជំហានដ៏សំខាន់មួយដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសកុមារ និងស្ត្រី» ដែលនឹង«គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ក្រសួង បាននិយាយថា ការផ្អាកនេះ គឺ «ស្របគ្នាជាមួយនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាតអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលទាំងអស់នេះ ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា ការការពារពេញលេញដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលំហូរដែលមិនមានការរារាំងនូវជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នេះ។
ប្រទេសកាតា នៅតែប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនសម្រាប់បុព្វហេតុប៉ាឡេស្ទីន ដោយអំពាវនាវឲ្យមានការកសាងរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ នៅតាមព្រំដែនឆ្នាំ ១៩៦៧ ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត ឡាមមី (David Lammy) បានជូនដំណឹងដល់សមាជិកសភា នៅក្នុងសភាថា អាជ្ញាប័ណ្ណប្រហែល ៣០ក្នុងចំណោមចំនួនសរុបប្រហែល ៣៥០ ត្រូវបានព្យួរ។