ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ខ្លួនចំពោះវត្តមានយោធាអ៊ីស្រាអែលនៅតាមបណ្តោយច្រករបៀង Philadelphi ឬនៅច្រកឆ្លងកាត់ទីក្រុង Rafah នៅព្រំដែនអេហ្ស៊ីប-ហ្កាហ្សា។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានអាជ្ញាធរប៉ាឡេស្ទីន បានរិះគន់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពីការរត់ពន្ធអាវុធពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្កាហ្សា ដោយចោទប្រកាន់លោកថា បានប្រើប្រាស់ការអះអាងបែបនេះ ដើម្បីរំខានដល់សាធារណជន បញ្ចៀសកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសកម្មភាពយោធាប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។
ប្រធានអាជ្ញាធរប៉ាឡេស្ទីន ក៏បានសម្តែងការពេញចិត្តចំពោះគោលជំហររបស់ប្រទេសអេហ្ស៊ីបចំពោះការភៀសខ្លួនរបស់ពលរដ្ឋប៉ាឡេស្ទីន និងបានបញ្ជាក់ជាថ្មីពីការជំទាស់របស់ខ្លួនចំពោះវត្តមានរបស់អ៊ីស្រាអែល នៅតាមច្រករបៀង Philadelphia ។
លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងមិនដកថយចេញពីច្រករបៀង Philadelphia ឡើយ។ លោក និយាយថា យើងចាំបាច់ត្រូវឲ្យវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ដោយបានបញ្ជាក់ថា វត្តមានរបស់អ៊ីស្រាអែលនៅទីនោះ មានសារៈសំខាន់ ក្នុងការទប់ស្កាត់ការរត់ពន្ធអាវុធ នៅពេលអនាគតពីប្រទេសអេហ្ស៊ីប ចូលទៅកាន់តំបន់ហ្កាហ្សា។