កំពង់ចាម៖ ប្រជាកសិករ ដែលជាអ្នកដាំដំណាំកសិកម្ម បន្លែរួមផ្សំ ក្នុងឃុំព្រែកដំបូក និងឃុំស្វាយខ្សាច់ភ្នំ ចំនួន៩០គ្រួសារ ទទួល បានជីកសិកម្មពីអាជ្ញាធរខេត្តកំពង់ចាម តាមរយៈមន្ទីរកសិកម្មខេត្ត ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពកសិករ និងកាត់ បន្ថយការចំណាយបានមួយកម្រិតដែរ។
ប្រជាកសិករ ដែលរស់នៅក្នុងឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ និងជាអ្នកទទួលជីកសិកម្ម ពីអាជ្ញាធរខេត្តកំពង់ចាម បាននិយាយថា ជំនួយរបស់អាជ្ញាធរខេត្តកំពង់ចាម នឹងកាត់បន្ថយការចំណាយទិញជី យកមកដាក់ដំណាំ ហើយពួកគេ បាន ស្នើដល់មន្ទីរជំនាញពាក់ព័ន្ធជួយផ្តល់នូវបច្ចេកទេសដាំដុះ ចិញ្ចឹម បន្ថែមទៀត ពោលគឺធ្វើយ៉ាងបង្កើនចំណេះដឹង លើផ្នែក កសិកម្ម ឱ្យបានច្រើន ដើម្បីងាយស្រួលទទួលបានផលល្អ ក្នុងការប្រកបរបរកសិកម្មនេះ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក្នុងពិធីប្រគល់ជីកសិកម្មជូនកសិករ កាលពីម្សិលមិញ បានថ្លែងថា ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ភាគច្រើនចូលចិត្តដាំដុះបន្លែ ក្រោមរូបភាពនៃការជួយទំនុកបម្រុងពីអាជ្ញាធរ ឃុំ និងអាជ្ញាធរស្រុក ជាពិសេស ពីមន្ទីរកសិកម្ម ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្តកំពង់ចាម ។
ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះ ការដាំដុះបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ គឺមានការរីកចម្រើនខុសពីមុន ដោយមួយផ្នែកសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងគ្រួសារ និងមួយផ្នែកទៀត សម្រាប់យកទៅលក់នៅទីផ្សារ ដូច្នេះការបង្កើន បរិមាណដាំដុះនេះ ចាំបាច់ណាស់ ត្រូវការបច្ចេកទេស ដើម្បីធ្វើឱ្យផលដំណាំមានគុណភាពប្រកួតប្រជែងលើទីផ្សារ។ ប្រការ នេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានការរីកចម្រើន អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ជាផ្នែកមួយចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រក្នុងមូលដ្ឋានផងដែរ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ៕ អត្ថបទ៖ ថុង សីហា