ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយនៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះថា ការធ្វើឲ្យសង្គ្រាមកាន់តែកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន នៅអ៊ុយក្រែន និងសកម្មភាពរបស់ «ក្រុមលោកខាងលិច» បានធ្វើឲ្យប្រទេសរុស្ស៊ីចាំបាច់ត្រូវពិនិត្យឡើងវិញនូវគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន។
គួរបញ្ជាក់ថា រុស្ស៊ីបានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនត្រៀមនឹងធ្វើការផ្លាស់ប្តូរគោលនយោបាយកំណត់កាលៈទេសៈ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមិនទាន់បានលម្អិត អំពីការកែប្រែនេះនៅឡើយទេ។
គោលការណ៍នុយក្លេអ៊ែរដែលមានស្រាប់ដែលត្រូវបានបង្ហាញក្នុងក្រឹត្យមួយដោយប្រធានាធិបតី លោក Vladimir Putin ក្នុងឆ្នាំ២០២០ ចែងថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរដោយសត្រូវ ឬការវាយប្រហារទូទៅដែលគំរាមកំហែងដល់អត្ថិភាពរបស់រដ្ឋ។
លោក Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការកែប្រែនេះ កើតមានឡើង ដើម្បី «ប្រឆាំងនឹងទិដ្ឋភាពនៃបញ្ហាប្រឈម និងការគំរាមកំហែងដែលបង្កឡើងដោយបណ្ដាប្រទេស ដែលមានឈ្មោះថា ក្រុមលោកខាងលិច»។ លោកបានបន្ថែមថា ទីក្រុងមូស្គូកំពុងពិចារណាពីលទ្ធភាពដែលអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហាររបស់ខ្លួនចូលយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី។
អ៊ុយក្រែន បានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនជាយូរមកហើយឲ្យអនុញ្ញាតខ្លួនប្រើប្រាស់អាវុធលោកខាងលិចទៅកាន់គោលដៅឆ្ងាយៗ ក្នុងដែនដីសត្រូវ ហើយការអំពាវនាវទាំងនោះមានកាន់តែខ្លាំងឡើងៗ នៅពេលរុស្ស៊ីបង្កើនការវាយប្រហារតាមអាកាសលើបណ្ដាញថាមពលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏ដូចជាប្លុកផ្ទះល្វែងផងដែរ។
ដោយត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RIA លោក Peskov បានប្រាប់ទៀតថា៖ «វាច្បាស់ណាស់ថា អ៊ុយក្រែននឹងធ្វើរឿងនេះ។ យើងកំពុងគិតគូរពីរឿងទាំងអស់នេះ»៕