ប្រព័ន្ធផ្សព្វផ្សាយរុស្សីបានរាយការណ៍ថា ក្រុមហ៊ុនរុស្ស៊ីមួយដែលបានចុះបញ្ជី នៅទីក្រុង Komsomolsk-on-Amur ចុងភាគខាងកើត ត្រូវបានអនុញ្ញាតឲ្យនាំចូលស្រាបៀរដែលផលិតនៅកូរ៉េខាងជើង ជាការបង្ហាញសញ្ញាចុងក្រោយនៃទំនាក់ទំនងដ៏កក់ក្តៅ រវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។
ការនាំចេញនេះកើតឡើង ខណៈពាណិជ្ជកម្មកូរ៉េខាងជើងផ្សេងទៀត ដែលត្រូវបានរឹតបន្តឹងដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធនឹងកម្មវិធីសព្វាវុធរបស់ខ្លួន ស្ថិតក្រោមការត្រួតពិនិត្យជាអន្តរជាតិ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបាន និងកំពុងផ្គត់ផ្គង់កាំភ្លើងធំ និងមីស៊ីលបាលិស្ទិកទៅឲ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ដែលទាំងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបដិសេធ។
ថ្មីៗនេះ ទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បានរីកចម្រើនកាន់តែខ្លាំង។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ ក្នុងខែមិថុនា ដើម្បីរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un)។
ហើយដោយដកស្រង់ឯកសារនានា សារព័ត៌មានសេដ្ឋកិច្ច RBC របស់រុស្ស៊ី បានរាយការណ៍ថា ស្រាបៀកូរ៉េខាងជើង នឹងត្រូវបាននាំចូលដោយក្រុមហ៊ុនមួយឈ្មោះ Vostokbirtrade ដែលត្រូវបានចុះបញ្ជី ក្នុងខែមិថុនា៕