លោក Donald Trump កាលពីថ្ងៃអង្គារ (ទី៣ ខែកញ្ញា) បាននិយាយថា លោកមានផែនការ ដែល «ធានា» ដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាម នៅប្រទេសអ៊ុយក្រែន ប៉ុន្តែនឹងបង្ហាញឲ្យឃើញ លុះត្រាណាតែលោកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាប៉ុណ្ណោះ។
អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ បច្ចុប្បន្នកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងស្ថិតស្វាញជាមួយគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី Kamala Harris។ តាមរយៈផតឃែស Lex Fridman ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា លោក Trump បានប្រាប់ថា៖ «ប្រសិនបើខ្ញុំឈ្នះ ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ខ្ញុំនឹងផ្ដល់ជូននូវការធានាមួយ»។
លោកបានបន្ថែមថា៖ «ខ្ញុំមានផែនការច្បាស់លាស់មួយពីវិធី ដើម្បីបញ្ឈប់អ៊ុយក្រែន និងរុស្ស៊ី ហើយខ្ញុំមានគំនិតជាក់លាក់មួយ ប្រហែលមិនមែនជាផែនការទេ ប៉ុន្តែជាគំនិតមួយ សម្រាប់ប្រទេសចិន។ ប៉ុន្តែខ្ញុំមិនអាចផ្តល់ឲ្យអ្នកនូវផែនការទាំងនោះបានទេ ពីព្រោះប្រសិនបើខ្ញុំផ្តល់ឲ្យអ្នកនូវផែនការទាំងនោះ ខ្ញុំនឹងមិនអាចប្រើប្រាស់វាបានទេ ពោលគឺគំនិតទាំងនោះនឹងមិនជោគជ័យទេ។ អ្នកដឹងទេ នេះជាផ្នែកមួយនៃរឿងដ៏គួរឲ្យភ្ញាក់ផ្អើល មែនទេ?»
គួរបញ្ជាក់ថា ទីក្រុងគីវ និងទីក្រុងមូស្គូត្រូវបានជាប់នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅដើមឆ្នាំ២០២២ នៅពេលដែលកងទ័ពរុស្ស៊ីបានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ុយក្រែន។ ទាហាន និងជនស៊ីវិលរាប់ពាន់នាក់ បានបាត់បង់ជីវិត ហើយលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ជុំវិញការលុកលុយរបស់ខ្លួន។
តាមរយៈផតឃែសនោះ លោក Trump បាននិយាយថា វិបត្តិអ៊ុយក្រែនអាចរាលដាលទៅជា «សង្រ្គាមលោកលើកទី៣» ហើយថា ចំណុចក្តៅជាសកលជាច្រើន កំពុងពុះកញ្ជ្រោល ដោយសារតែ «អាមេរិកគ្មានអ្នកដឹកនាំ»៕