ការិយាល័យប្រធានាធិបតីរបស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះ បាននិយាយថា មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងនូវែលសេឡង់ បានថ្កោលទោសចំពោះការផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ការិយាល័យរបស់ Yoon បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក៏បានយល់ព្រមពន្លឿនការពិភាក្សា ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំង២ ឲ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងកិច្ចប្រជុំមួយ នាទីក្រុងសេអ៊ូល។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានបង្ហាញថា មេដឹកនាំទាំង២ បានសម្តែងការគាំទ្រ ចំពោះផែនការសន្តិភាពរបស់អ៊ុយក្រែន និងថ្កោលទោសដល់ការលុកលុយរបស់រុស្ស៊ី ហើយថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។
ការិយាល័យរបស់លោក Yoon បានឲ្យដឹងបន្ថែមទៀតថា នេះគឺជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ ដែលនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានធ្វើដំណើរបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង៕