អ្នកបើកបរឡានដឹកទំនិញ នៅទីក្រុង Bogota បានបិទផ្លូវជាច្រើនខ្សែ កាលពីថ្ងៃអង្គារ (ទី៣ ខែកញ្ញា) ជាការបង្ហាញការតវ៉ាមួយ ក្នុងចំណោមការតវ៉ាជាច្រើន នៅទូទាំងប្រទេស ប្រឆាំងនឹងអ្វីដែលកម្មករមើលឃើញថា ជាការឡើងថ្លៃតម្លៃប្រេងម៉ាស៊ូតខ្ពស់ជ្រុល។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃចន្ទ (ទី២ ខែកញ្ញា) មក ការធ្វើកូដកម្មរបស់អ្នកដឹកទំនិញ បាន និងកំពុងកើតមានឡើង នៅទីក្រុង Bogota ដោយសារតែការដំឡើងតម្លៃថ្មីៗនេះចំនួន ១.៩០៤ប៉េសូរបស់ប្រទេសកូឡុំប៊ី (ប្រមាណជា ០,៤៦ដុល្លារ) សម្រាប់ប្រេងម៉ាសូត ក្នុង ១ហ្គាឡុង (ប្រមាណជា ៣,៧៨៥លីត្រ)។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Ricardo Bonilla Gonzalez បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយកាលពីថ្ងៃអង្គារថា ការដំឡើងនេះ គឺចាំបាច់ ខណៈវាគឺជា «ការគាំទ្រគ្មានប្រសិទ្ធភាពដល់សេដ្ឋកិច្ចរបស់ប្រទេសកូឡុំប៊ី» ហើយលោកបានបន្ថែមថា តម្លៃប្រេងម៉ាស៊ូតបាននៅទ្រឹង ចាប់តាំងពីខែមករា ឆ្នាំ២០២០។
នគរបាលជាតិបាននិយាយកាលពីថ្ងៃអង្គារថា មានបាតុកម្មជាសាធារណៈចំនួន ៨១កន្លែង នៅក្នុងប្រទេស ដែលក្នុងនោះ ២៩កន្លែង គឺជាការបិទផ្លូវចេញចូលរហូត។
ជាមួយនឹងការដំឡើងនេះ ប្រេងម៉ាស៊ូត ១ហ្គាឡុង នឹងឡើងដល់តម្លៃជាមធ្យម ១១.៣៦០ប៉េសូ (២,៧៣ដុល្លារ) នៅក្នុងទីក្រុងសំខាន់ៗចំនួន ១៣ របស់ប្រទេស៕