អង្គការសហប្រជាជាតិ និយាយថា ប្រទេសកូរ៉េខាងជើង កំពុងចាត់វិធានបង្ក្រាបកាន់តែខ្លាំងលើសេរីភាពនៃការបញ្ចេញមតិ និងការវិភាគនៅក្នុងប្រទេស។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញផ្សាយរបាយការណ៍មួយ ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង ដែលក្តោបក្នុងរយៈពេលចន្លោះ ខែកក្កដា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤។ វាត្រូវបានចងក្រងឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ។
របាយការណ៍និយាយថា «មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការដាក់គំនាបលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព័ត៌មាន ការវិភាគ និងមនសិការ»។ របាយការណ៍ បានលើកឡើងពីការអនុម័តច្បាប់ថ្មីចំនួនបី ក្នុងការបង្ក្រាប និងបានចង្អុលបង្ហាញជាពិសេសចំពោះច្បាប់ស្តីពីការការពារភាសាវប្បធម៌របស់ទីក្រុងក្រុងព្យុងយ៉ាង ដែលមានគោលបំណងទប់ស្កាត់ការហូរចូលនៃវប្បធម៌បរទេស។
របាយការណ៍ និយាយថា ច្បាប់នេះ បានដាក់ចេញនូវទណ្ឌកម្មផ្លូវច្បាប់ធ្ងន់ធ្ងរ រួមទាំងការកាត់ទោសប្រហារជីវិតផងដែរ ចំពោះអ្នកទាំងឡាយណាដែលយកតម្រាប់តាមភាសាដែលត្រូវបានប្រើនៅក្នុងប្រទេសដ៏ទៃ។