ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានបញ្ជូនដីកាកោះហៅទៅក្រុមហ៊ុន Nvidia ខណៈស្ថាប័ននេះបង្កើនការស៊ើបអង្កេតរបស់ខ្លួនកាន់តែស៊ីជម្រៅ ជុំវិញការអនុវត្តការប្រឆាំងទំនុកចិត្តរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg News ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ (ទី៣ ខែកញ្ញា) ដោយដកស្រង់សម្តីមនុស្សដែលដឹងពីការស៊ើបអង្កេតនេះ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុននេះ អង្គការឃ្លាំមើលការប្រឆាំងទំនុកចិត្ត បានបញ្ជូនបញ្ជីសំណួរ ហើយឥឡូវនេះ បានផ្ញើសំណើជាប់ការតព្វកិច្ចទៅក្រុម Nvidia ដោយបន្ថែមថា ក្រុមហ៊ុនផ្សេងទៀត ក៏បានទទួលដីកាដូចគ្នាផងដែរ។ របាយការណ៍បានបង្ហាញថា មន្ត្រីមានការព្រួយបារម្ភថា ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ កំពុងផ្ដល់ការលំបាកក្នុងការប្តូរទៅកាន់អ្នកផ្គត់ផ្គង់ផ្សេងទៀត និងដាក់ពិន័យអ្នកទិញដែលមិនប្រើប្រាស់បន្ទះឈីបបញ្ញាសិប្បនិម្មិតតែម៉្យាង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា៖ «ក្រុមហ៊ុម Nvidia ទទួលបានជោគជ័យដោយសារគុណភាព ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផល និងតម្លៃស្តង់ដាររបស់យើង សម្រាប់អតិថិជន ដែលអាចជ្រើសរើសដំណោះស្រាយណាមួយក៏បានដែលល្អបំផុត ចំពោះពួកគេ»។
កាលពីខែមុន សារព័ត៌មានបានឲ្យដឹងថា ក្រសួងយុត្តិធម៌បានបើកការស៊ើបអង្កេតលើក្រុមហ៊ុននេះ បន្ទាប់ពីមានការត្អូញត្អែរពីដៃគូប្រកួតប្រជែងថា មានការរំលោភបំពានលើទីផ្សាររបស់ខ្លួន។ ដីកានេះកើតមានឡើងនៅក្នុងពេលវេលាដ៏លំបាក សម្រាប់ក្រុមហ៊ុនទាក់ទងនឹង AI មួយនេះ ខណៈដែលវិនិយោគិនកំពុងសម្រួលការរំពឹងទុកជាថ្មី ជុំវិញបច្ចេកវិទ្យា ចំពេលមានការបារម្ភអំពីការទូទាត់យឺតយ៉ាវពីការវិនិយោគដ៏ច្រើន នៅក្នុងក្រុមហ៊ុន៕