អ្នកការទូតជានខ្ពស់អាមេរិក ប្រចាំនៅទីក្រុងតៃប៉ិ នៅថ្ងៃពុធ (ទី៤ ខែកញ្ញា) នេះ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនច្រានចោលលទ្ធភាពនៃការផលិតអាវុធរួមគ្នាជាមួយកោះតៃវ៉ាន់នោះទេ ដោយបន្ថែមថាតម្រូវការផ្នែកការពាររបស់កោះនេះ គឺជាអាទិភាពចម្បងធំជាងគេ សម្រាប់ការផ្តល់អាវុធរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុត បើទោះបីជាមិនមានទំនាក់ទំនងផ្លូវការជាមួយកោះនេះដែលត្រូវបានទាមទារដោយប្រទេសចិនក៏ដោយ ហើយលោក Raymond Greene ដែលជានាយកទើបតែងតាំងថ្មីនៃវិទ្យាស្ថានអាមេរិក នៅកោះតៃវ៉ាន់ (AIT) និងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកតាមជាក់ស្ដែង បាន និងកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិ។
ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម លោក Greene បានប្រាប់ថា៖ «ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយដៃគូមួយចំនួន ដែលកំពុងសម្លឹងមើលលទ្ធភាពនៃការពង្រីកការផលិតរួមគ្នាលើការផ្គត់ផ្គង់យោធារបស់យើង ហើយខ្ញុំនឹងមិនច្រានចោលនោះទេ ដែលថា កោះតៃវ៉ាន់ជាដៃគូមួយ ក្នុងចំណោមដៃគូទាំងនោះ នាពេលអនាគត»។
ជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ការបន្តរក្សា «តុល្យភាពយុទ្ធសាស្ត្រ» ក្នុងតំបន់ នឹងជំរុញទំនាក់ទំនងឆ្លងច្រកសមុទ្រ សំដៅទៅលើប្រទេសចិនដែលទាមទារកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ប្រឆាំងនឹងកោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ហើយនៅក្នុងខែឧសភា បានធ្វើសមយុទ្ធ នៅជុំវិញកោះនេះ ក្រោយការឡើងកាន់តំណែងរបស់មេដឹកនាំ លោក Lai Ching-te ជាបុគ្គលដែលទីក្រុងប៉េកាំងឲ្យឈ្មោះថា ជា «អ្នកបំបែកខ្លួន»៕