ទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានកើតមាននៅតំបន់ Tom Greet របស់រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៣ ខែកញ្ញា) ដែលជំរុញឲ្យមានការជួយសង្គ្រោះជាច្រើន និងបង្កឲ្យមានការបិទផ្លូវ នៅទូទាំងទីក្រុង។
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ បានធ្វើឲ្យទឹកហៀរចេញពីប្រព័ន្ធលូបង្ហូរ ដែលបណ្តាលឲ្យមានការជន់លិចផ្លូវយ៉ាងខ្លាំងក្លា ជាពិសេសនៅតំបន់ទំនាប។
នៅទីក្រុង San Angelo សេវាសង្គ្រោះបន្ទាន់តាមមូលដ្ឋាន ក្នុងនោះរួមទាំងអ្នកពន្លត់អគ្គិភ័យផង បានឆ្លើយតបទៅនឹងការជួយសង្គ្រោះពីទឹកហូរខ្លាំង បន្ទាប់ពីមនុស្ស ៥នាក់ ក្នុងនោះរួមទាំងកុមារអាយុ ៣ឆ្នាំម្នាក់ផងដែរ ត្រូវបានទឹកហូរនាំទៅ នៅជិតផ្លូវឈ្មោះ McMillan & Wright Road ។
ជនរងគ្រោះត្រូវបានគេប្រទះឃើញតោងជាប់នឹងដើមឈើ មុនពេលត្រូវបានជួយសង្គ្រោះដោយក្រុមសង្គ្រោះបន្ទាន់ ដែលប្រើឧបករណ៍សង្គ្រោះពីទឹកហូរខ្លាំង។ អាជ្ញាធរបានព្រមានអ្នកស្រុកឲ្យចៀវាងពីតំបន់លិចទឹក ព្រោះទឹកជំនន់ នៅទីក្រុង និងទន្លេ នៅតែមានហានិភ័យ ជាពិសេសនៅជិតទន្លេ Concho។
អាជីវកម្មផ្សេងៗ និងអាគាររដ្ឋបាលនានា ក្នុងនោះរួមទាំងសាលារៀន ត្រូវបានបិទ ឬពន្យារពេលប្រតិបត្តិការ ដោយសារផ្លូវមិនអាចឆ្លងកាត់បាន និងរងការខូចខាត ដោយទឹកជំនន់។ មន្ត្រីឧតុនិយមបន្តតាមដានស្ថានការណ៍ ដោយរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតពេញមួយថ្ងៃ នាថ្ងៃពុធ (ទី៤ ខែកញ្ញា) ដោយធ្វើឲ្យផ្លូវដែលលិចលង់រួចហើយនោះកាន់តែយ៉ាប់យ៉ឺនទៅៗ៕


