រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្សើហ្គេ ឡាវរ៉ូហ្វ (Sergei Lavrov ) ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសក្តានុពលភាពនៃការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា កុំចំអក ឬនិយាយលេងសើចអំពី បន្ទាត់ក្រហមរបស់រុស្ស៊ីឲ្យសោះ។

លោក ឡាវរ៉ូហ្វ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបាត់បង់ការមើលឃើញពីអារម្មណ៍នៃការរារាំងគ្នាទៅវិញទៅមក ដែលបានគាំទ្រតុល្យភាពនៃសន្តិសុខរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសង្គ្រាមត្រជាក់ ហើយថានេះគឺជារឿងគ្រោះថ្នាក់។
ការអត្ថាធិប្បាយរបស់លោកកើតឡើងស្របពេលសហរដ្ឋអាមេរិកជិតឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ JASSM អាចបាញ់ចូលជ្រៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កំពុងទទូចយ៉ាងខ្លាំង។

ប្រមុខការទូតរុស្ស៊ីរូបនេះ បានប្រាប់អ្នកសម្ភាសន៍ទូរទស្សន៍រុស្ស៊ីថា ខ្ញុំនឹងពុំមានការភ្ញាក់ផ្អើលចំពោះអ្វីទាំងនោះទេ ។ អាមេរិក បានឆ្លងហួសកម្រិត ដែលពួកគេកំណត់សម្រាប់ខ្លួនឯង។
ប៉ុន្តែពួកគេគួរតែយល់ ពួកគេកំពុងនិយាយចំអកអំពីបន្ទាត់ក្រហមរបស់យើងនៅទីនេះ។ ពួកគេមិនគួរលេងសើចចំពោះបន្ទាត់ក្រហមរបស់យើងឡើយ។ ជាការផ្គើន ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានបង្កើនជំនួយយោធាដល់អ៊ុយក្រែន រួមទាំងការផ្តល់រថក្រោះ មីស៊ីលទំនើប និងយន្តហោះចម្បាំង F-16 ផងដែរ។
លោក Zelenskiy បាននិយាយថា ការលុកលុយរបស់អ៊ុយក្រែនចូលទៅក្នុងទីក្រុងឃើសរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៦ ខែសីហា កន្លងទៅ ធ្វើឱ្យមានការចំអកដល់បន្ទាត់ក្រហមរបស់លោក Putin ថាបានតែមាត់៕