ប្រភពពីក្រុមមន្ត្រីអាមេរិក និងអេហ្ស៊ីប ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា សេតវិមានកំពុងព្យាយាមដាក់សំណើថ្មីសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដោយក្រុមហាម៉ាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។

មន្ត្រីអាមេរិកនោះនិយាយថា សំណើថ្មីនេះមានគោលបំណងដើម្បីដោះស្រាយចំណុចឧបសគ្គសំខាន់ៗនៅពីក្រោយការជាប់គាំងអស់រយៈពេលជាច្រើនខែនៅក្នុងកិច្ចចរចា ដែលសម្របសម្រួលដោយអាមេរិក កាតា និងអេហ្ស៊ីប ដើម្បីស្វែងរកបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ចូ បៃដិន (Joe Biden) បានប្រាប់អ្នកយកព័ត៌មានដោយឡែកពីគ្នាកាលពីថ្ងៃពុធថា ចំណុចជាច្រើនលើកិច្ចព្រមព្រៀងជាច្រើនត្រូវបានឯកភាពគ្នា ប៉ុន្តែអ្នកចរចានៅតែព្យាយាមដោះស្រាយឧបសគ្គចម្បងពីរ។

បញ្ហាទាំងនោះរួមមាន ការទាមទាររបស់អ៊ីស្រាអែល ក្នុងការរក្សាកងកម្លាំងនៅក្នុងច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ដែលជាតំបន់ទ្រនាប់នៅភាគខាងត្បូងហ្កាហ្សាជាប់ព្រំដែនជាមួយអេហ្ស៊ីប និងបុគ្គលជាក់លាក់ដែលនឹងត្រូវបានរួមបញ្ចូលនៅក្នុងការដោះដូរចំណាប់ថ្នូរក្រុមហាម៉ាស និងអ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល។ ប្រភពទាំងនោះបន្ថែមថា ពង្រាងនៃកិច្ចព្រមព្រៀងថ្មីអាចនឹងត្រូវធ្វើឡើងរួចរាល់នៅសប្តាហ៍ក្រោយ ឬអាចឆាប់ជាងនេះ៕