តំណាងមេធាវី ដែលជាអ្នកស្រាវជ្រាវ អ្នកចេះច្បាប់បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គ្មានការកាត់ទឹកដីកម្ពុជាឲ្យវៀតណាមនោះឡើយ។ នេះគឺជាការបញ្ជាក់ពីតំណាងមេធាវីដែលបានទទួលវិញ្ញាបនបត្រសិស្សមេធាវី និងសិក្ខាកាមមេធាវីក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
តំណាងមេធាវី បានអះអាងថា កិច្ចសហប្រតិបត្តិការក្របខណ្ឌបែបនេះ មិនមែនមានតែកម្ពុជា ឡាវ និងវៀតណាមនោះទេ គឺបណ្តាប្រទេសផ្សេងក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបជាដើម ក៏បង្កើតកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជួយគ្នាទៅវិញទៅមកដើម្បី ជំរុញកិច្ចការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការបង្កើតបាននូវព្រំដែនសន្តិភាព សាមគ្គីភាព។
តំណាងមេធាវីបានបន្តទៀតថា តាមរយៈការស្រាវជ្រាវការសិក្សាយ៉ាងលម្អិត និងក្នុងនាមជាអ្នកច្បាប់ មុននឹងជឿជាក់លើអ្វីមួយ គឺអាស្រ័យលើភស្តុតាង ដូច្នេះកិច្ចសហប្រតិបត្តិការCLV មានឯកសារយោងជាច្រើនដែលរាជរដ្ឋាភិបាលបានបង្ហាញជូនជាបន្តបន្ទាប់ ដោយគ្មានការលាក់បាំង ដែលនាំអោយពួកគាត់ហ៊ានអះអាងថា CLV-DTA គ្មានការកាត់ទឹកដីឲ្យទៅប្រទេសវៀតណាមនោះឡើយ ។ ផ្ទុយទៅវិញ CLV-DTA បាននឹងកំពុងចូលរួមចំណែកជួយលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋតាមព្រំដែន និងបានកសាងខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ។
សូមបញ្ជាក់ថាCLV បានប្រែក្លាយតំបន់អភិវឌ្ឍន៍តិចតួចទៅជាតំបន់ដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចល្អ ហើយលក្ខខណ្ឌជីវភាពរស់នៅបានប្រសើរឡើងគួរឲ្យកត់សម្គាល់ដោយជាឧទាហរណ៍អំពីការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងមួយឆ្នាំចាប់ពី២៩៤ដុល្លារអាមេរិក រហូតដល់ ១៣០០ដុល្លារអាមេរិកនៅពេលបច្ចុប្បន្ន៕ អត្ថបទ៖ សូដាវណ្ណ
