បាល់ទាត់៖ ក្រុមគិរីវង់សុខសែនជ័យបានខើចឱកាសក្នុងការប្រជែងពានលីគកំពូលកម្ពុជាឆ្នាំ២០២១ ក្នុងចំណោមបេក្ខភាពក្រុម Top-8 ទៅហើយ បន្ទាប់ពីបន្ដបរាជ័យក្រោមថ្វីជើងក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៣-១ ដ្បិតជើងទី១ បានរងបរាជ័យក្នុងដីដោយលទ្ធផល ១-០។

ការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទនេះ ពួកគេធ្វើបានយ៉ាងល្អដោយការដាក់សម្ពាធលើក្រុមភ្ញៀវរហូតរកបាន ៣គ្រាប់ដោយកីឡាករ ញាណ សុស៊ីដាន នៅនាទី៣៥, ខ្សែប្រយុទ្ធចំណូលថ្មី Timothy Okereke នៅនាទី៦០ និងកីឡាករ កាន់ ពិសាល នៅនាទី៧៨។ ចំណែកក្រុមភ្ញៀវគិរីវង់រកបាន ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ សំ តារា នៅនាទី៧៦។

ផ្អែកលើលទ្ធផលនេះ ក្រុមកងយោធពលខេមរភូមិន្ទបានរំកិលទៅឈរលេខ៦ និងមាន ២២ពិន្ទុតាមពីក្រុមក្រុមកំពូលតារាង ៦ពិន្ទុបន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតឈ្នះ៦ ស្មើ៤ និងចាញ់៣ ខណៈក្រុមគិរីវង់បន្ដឈរលេខរៀងទី៨ ដោយរក្សា ១៣ពិន្ទុក្នុងដៃ តែបើធៀបនឹងពិន្ទុក្រុមកំពូលតារាង ពួកគេស្ទើតែអស់ឱកាសប្រជែងពានទៅហើយ ដ្បិតបេក្ខភាពក្រុមកំពូលតារាង ៤ក្រុមត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់ឱកាសក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ៕
អត្ថបទ៖ លី ឈុនឡា