ក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធ (០៤ កញ្ញា) ថា វីរុសជាង ១០០ប្រភេទត្រូវបានគេរកឃើញនៅលើសត្វក្នុងកសិដ្ឋានចិញ្ចឹមសត្វយករោមនៅប្រទេសចិន ដែលមួយចំនួនគឺជាវីរុសថ្មី និងមានលទ្ធភាពអាចឆ្លងទៅមនុស្ស។ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាការចិញ្ចឹមថនិកសត្វ ដូចជាសត្វសំពោចម្យ៉ាង (Mink) សម្រាប់យករោម អាចធ្វើឱ្យវីរុសថ្មីកាន់តែងាយចម្លងចេញពីសត្វព្រៃ និងបង្កឱ្យមានការផ្ទុះជំងឺថ្មីៗ។

អ្នកជំនាញវិសាណូសាស្រ្ត (អ្នកសិក្សាពីវីរុសឆ្លង) លោក អែដវើត ហូមស៍ (Edward Holmes) ដែលដឹកនាំការស្រាវជ្រាវលើជំងឺកូវីដ១៩ បានប្រាប់សារព័ត៌មាន AFP ថា លោកគិតថាឧស្សាហកម្មចិញ្ចឹមសត្វយករោមក្នុងពិភពលោក «អាចជាផ្លូវដែលជំងឺរាតត្បាតថ្មីនឹងចាប់ផ្តើម»។ សាស្ត្រាចារ្យ Holmes គឺជាសហអ្នកនិពន្ធនៃការសិក្សាថ្មីមួយដែលមើលទៅលើគ្រោះថ្នាក់បង្កឡើងដោយមេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅចិន ដែលករណីកូវីដ១៩ដំបូងបានលេចឡើងនៅចុងឆ្នាំ២០១៩។
ក្រុមស្រាវជ្រាវនេះបានរកឃើញមេរោគចំនួន ១២៥ប្រភេទ រួមទាំងវីរុសថ្មីចំនួន ៣៦ប្រភេទ និងបានវាយតម្លៃថា ក្នុងនោះវីរុសចំនួន ៣៩ប្រភេទ មាន «ហានិភ័យខ្ពស់» នៃការឆ្លងរាលដាលក្នុងចំណោមសត្វ រួមទាំងមនុស្ស។
ជំងឺគ្រុនផ្តាសាយបក្សីជាច្រើនប្រភេទក៏ត្រូវបានរកឃើញនៅក្នុងជ្រូកហ្គីណេ (Guinea pig) ប្រភេទសត្វដូចទៅនឹងសត្វសំពោច (Mink) និងប្រភេទសត្វសសេរស្រដៀងនឹងកណ្ដុរ (Muskrat) ហើយវីរុសឆ្លងកូរ៉ណាចំនួន ៧ប្រភេទក៏ត្រូវបានគេប្រទះឃើញផងដែរ តែវាមិនមានទំនាក់ទំនងជិតស្និទ្ធទៅនឹងវីរុស សា (Sars-CoV-2) ដែលបណ្តាលឱ្យមានជំងឺកូវីដ១៩នោះទេ។ វីរុសមិនស្គាល់រាប់ពាន់ប្រភេទ ត្រូវបានគេជឿថាកំពុងស្ថិតក្នុងចំណោមថនិកសត្វព្រៃ។ អ្នកវិទ្យាសាស្ត្របារម្ភថា កសិដ្ឋានចិញ្ចឹមសត្វយករោមអាចអនុញ្ញាតឱ្យសត្វកសិដ្ឋានឆ្លងមេរោគបែបនេះ ដែលចម្លងដល់មនុស្សបាន៕