អ្នកនាំពាក្យ បាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ បានត្រៀមថវិកាចំនួន៤លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបគ្រាអាសន្នកណ្តាលរបស់ខ្លួន សម្រាប់ប្រទេសបង់ក្លាដែស ដែលរងគ្រោះដោយទឹកជំនន់ដ៏មហន្តរាយ។

លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃថា លោកស្រី Joyce Msuya អ្នកសម្របសម្រួលស្តីទីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជំនួយសង្គ្រោះបន្ទាន់ បានត្រៀមថវិកា ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដល់បុរស ស្ត្រី និងកុមារជិត៦លាននាក់ នៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីចុងខែមុន។
រហូតមកដល់ពេលនេះ មនុស្សចំនួន ៥០០.០០០នាក់ បានភៀសខ្លួនចេញទៅកាន់ទីជម្រកជម្លៀសជាង៣.៤០០កន្លែង នៅក្នុងប្រទេសបង់ក្លាដែស ខណៈសាលារៀនជាង៧.០០០កន្លែង ត្រូវបានបិទ ដោយសារតែទឹកជំនន់ ហើយសិស្សប្រហែល ១,៧ លាននាក់ បានរងផលប៉ះពាល់។
អ្នកនាំពាក្យ បាននិយាយថា យើង រួមជាមួយនឹងដៃគូមនុស្សធម៌របស់យើង កំពុងកៀងគរ និងគាំទ្រការឆ្លើយតបទឹកជំនន់ ដឹកនាំដោយរដ្ឋាភិបាល។
ប្រទេសបង់ក្លា ដែសបានបានទទួលរងដោយគ្រោះមហន្តរាយទាក់ទងទៅនឹងអាកាសធាតុដ៏ធំចំនួនបួន មកដល់ពេលនេះរួមមានព្យុះស៊ីក្លូន Remal និងទឹកជំនន់ដ៏គំហុក ដែលបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជិត១៣លាននាក់នៅទូទាំងដែនដីនេះ ដែលគ្របដណ្តប់ប្រហែល៣០ភាគរយ របស់ប្រទេស។