រុស្ស៊ី និងម៉ាឡេស៊ី បានពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យនានា រាប់ចាប់ពីលំហ រហូតដល់បច្ចេកវិទ្យាទំនើបៗ កាលពីថ្ងៃពុធ (០៤ កញ្ញា) ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្លាយជាមេដឹកនាំអាស៊ីចុងក្រោយគេ ដែលបដិសេធកិច្ចប្រឹងប្រែងរបស់លោកខាងលិច ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពីដៃគូអន្តរជាតិ។

លោក Putin កាលពីថ្ងៃពុធ បានជួបលោក Anwar ដែលដឹកនាំគណៈប្រតិភូម៉ាឡេស៊ីនៅវេទិកាសេដ្ឋកិច្ចបូព៌ាប្រចាំឆ្នាំនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok)។ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំនេះនឹងអនុញ្ញាតឱ្យមានការពិភាក្សាលើប្រធានបទជាច្រើន ចាប់ពីវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ពាណិជ្ជកម្ម និងការវិនិយោគ។
ក្រសួងបន្ថែមថា លោក Anwar ក៏នឹងរំលឹកឡើងវិញនូវចំណាប់អារម្មណ៍របស់ម៉ាឡេស៊ី ក្នុងការចូលរួមក្នុងក្រុម ប្រ៊ីកស៍ (Brics) ទៅកាន់លោក Putin ដែលជាប្រធានប្លុកសម្រាប់ឆ្នាំ២០២៤ នេះផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Anwar ធ្វើឡើងបន្ទាប់ពីមេដឹកនាំឥណ្ឌា ចិន កូរ៉េខាងជើង ឥណ្ឌូនេស៊ី និងប្រមុខរបបសឹកមីយ៉ាន់ម៉ា ជួបជាមួយលោក Putin ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ជាងពីរឆ្នាំមុនមក។ នោះបង្ហាញថាមេដឹកនាំអាស៊ីជាច្រើនមិនអើពើចំពោះការថ្កោលទោស និងការចោទប្រកាន់នានារបស់លោកខាងលិចលើលោក Putin នោះទេ៕