មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ៩០% នៃលក្ខខណ្ឌបទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង ត្រូវបានព្រមព្រៀងគ្នា ទោះបីបញ្ហាសំខាន់ៗទាក់ទងនឹងការដោះដូរអ្នកទោស និងច្រករបៀង ហ្វីឡាដែលហ្វី (Philadelphia) នៅតែមិនទាន់ដោះស្រាយក៏ដោយ។ ជំហរពីលោកនាយករដ្ឋមន្ត្រី Netanyahu គឺមិនដកកម្លាំងចេញពីច្រករបៀងព្រំដែននេះជាដាច់ខាត។

មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះបានប្រាប់សារយកព័ត៌មានថា ៩០%នៃកិច្ចព្រមព្រៀងនេះត្រូវបានឯកភាព ហើយផ្អែកលើលក្ខខណ្ឌ ដែលមានសំណើរបស់ក្រុមហាម៉ាសនៅក្នុងនោះដែរ។
មន្ត្រីរូបនេះបាននិយាយថា កិច្ចព្រមព្រៀងដែលកំពុងស្ថិតក្រោមការចរចាអស់ជាច្រើនខែ មាន ១៨ ចំណុច ដែលមាន ១៥ ចំណុចត្រូវបានបញ្ចប់។

មន្ត្រីដដែលបានបន្ថែមថា ១កថាខណ្ឌពាក់ព័ន្ធបញ្ហាបច្ចេកទេស ហើយ៣កថាខណ្ឌទៀតពាក់ព័ន្ធនឹងការដោះដូរអ្នកទោសរហូតដល់ចំណាប់ខ្មាំង ដែលសូម្បីតែអត្ថបទរបស់ក្រុមហាម៉ាសខ្លួនឯងកាលពីថ្ងៃទី២ ខែកក្កដា ក៏បាននិយាយយ៉ាងច្បាស់ដែរថា នៅតែត្រូវចរចា។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀង ៣ ដំណាក់កាល មិនដែលរួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងឡើយ។
ក្រុមហាម៉ាសនៅតែបន្តទាមទារឲ្យដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីដែនដីនេះ និងការវិលត្រឡប់របស់ជនភៀសខ្លួនប៉ាឡេស្ទីន៕