អ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃពុធ (០៤ កញ្ញា) នៅក្នុងការវាយតម្លៃថ្មីលម្អិតអំពីបញ្ហាប្លាស្ទិកក្នុងបរិស្ថានថា ការដុតសំណល់ប្លាស្ទិកក្នុងគំនរសំរាម និងការដុតសំរាមក្នុងទីតាំងបើកចំហរ គឺជាបញ្ហាដ៏ធំសម្រាប់ភពផែនដី ដូចទៅនឹងការចោលសំរាមផ្ដេសផ្ដាសដែរ។

ការចុះបញ្ជីកង្វក់ប្លាស្ទិក (ការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិក) ជាសាកលដំបូងគេបង្អស់ដែលចេញផ្សាយក្នុងទិនានុប្បវត្តិ ណេឆឺ (Nature) កំណត់ថា ឥណ្ឌាជាប្រភពដ៏ធំបំផុតនៃសំរាម និងការដុតសំរាម ដែលជាបញ្ហាធំជាងការគិតពីមុនទៅទៀត។

មូលហេតុនៃកង្វក់ប្លាស្ទិកភាគច្រើនដាក់ទៅលើការទុកដាក់សំរាមប្លាស្ទិកមិនត្រឹមត្រូវ ដូចជាការបោះចោលបំពង់ទុយោផឹកទឹកដែលចំណាយពេលយូរក្នុងការបំបែក បានបំផ្លាញប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែលោកបណ្ឌិត ខូស្តា វ៉េលីស (Costas Velis) មកពីសាកលវិទ្យាល័យ លីដស៍ (Leeds) បាននិយាយថា យ៉ាងហោចណាស់ចំនួនដូចគ្នានៃកង្វក់ប្លាស្ទិកគឺបណ្តាលមកពីការដុតសំរាមក្រៅផ្លូវការ ដោយភាគច្រើននៅក្នុងតំបន់ក្រីក្រដែលគ្មានជម្រើសផ្សេងពីនេះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រភពសំខាន់នៃកាកសំណល់ប្លាស្ទិកនៅក្នុងបណ្តាប្រទេសសាកលខាងត្បូង គឺសំណល់ដែលមិនអាចប្រមូលបាន ដោយមនុស្សជិត ១,២ ពាន់លាននាក់ ពុំមានមធ្យោបាយផ្សេងដើម្បីចោលសំរាមឱ្យបានត្រឹមត្រូវ។ មិនមែនជាប្រទេសចិនដូចដែលបានលើកឡើងនៅក្នុងការសិក្សាមុនៗនោះទេ ពេលនេះឥណ្ឌាគឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះកាកសំណល់ប្លាស្ទិក បន្ទាប់មកគឺនីហ៊្សេរីយ៉ា និងឥណ្ឌូនេស៊ី ដែលជាប្រទេសមានចំនួនប្រជាជនច្រើន និងបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម៕