អេស្ប៉ាញ៖ មនុស្សចន្លោះពី ៥.០០០ ទៅ ១០.០០០នាក់កំពុងត្រូវបានជម្លៀសចេញពីលំនៅឋាន បន្ទាប់ពីភ្នំភ្លើងមួយបានចាប់ផ្តើមផ្ទុះឡើងនៅលើកោះឡាប៉ាម៉ា (La Palma ) នៃកោះកាណារី (Canary) ប្រទេសអេស្ប៉ាញកាលពីរសៀលថ្ងៃអាទិត្យ។

ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ការជម្លៀសប្រជាជនបានចាប់ផ្តើមបន្ទាប់ពីការផ្ទុះដែលបានចាប់ផ្តើមនៅម៉ោង ៣ និង ១២នាទីរសៀលម៉ោងក្នុងស្រុកនៅលើភ្នំភ្លើង Cumbre Viejo។ ការផ្ទុះនេះបានកើតឡើង បន្ទាប់ពីមួយសប្តាហ៍ដែលរលករញ្ជួយជាង ២០.០០០ដងត្រូវបានវាស់នៅលើកោះឡាប៉ាម៉ា ដែលជាកោះមានអាយុកាលតិចជាងគេទី២ នៃកោះកាណារី។ ការរញ្ជួយដែលមានចំនួន ៤ចំណុចនៅលើមាត្រដ្ឋានរិចទ័របានប្រកាសពីការចាប់ផ្តើមនៃការផ្ទុះនេះ ដោយទូរទស្សន៍បានផ្ដិតយករូបភាពកម្អែលភ្នំភ្លើង និងផេះត្រូវបានហូរចេញពីការប្រេះស្រាំចំនួន ៥កន្លែងនៅចង្កេះភ្នំ ទោះបីជានៅម៉ោង ១០យប់ក៏ដោយ។ កម្អែលភ្នំភ្លើងកំពុងរត់ហូរចេញពី ៧កន្លែងផ្សេងគ្នា។
ទោះបីជាមិនមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍ក៏ដោយ ក៏ទ្រព្យសម្បត្តិមួយចំនួនព្រមទាំងព្រៃឈើ និងវាលស្មៅត្រូវបានបំផ្លាញដោយសារលំហូរកម្អែលភ្នំភ្លើង ដែលកំពុងឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគនិរតីនៃកោះនេះ៕
អត្ថបទ៖ សុខមាន