ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព និងបានរៀបចំការងារកំណែទម្រង់នេះជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភារាជរដ្ឋភិបាលបានដាក់ចេញនៅវិធានការគន្លឹះជាអាទិភាពចំនួន៥ រួមមានទី១ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២ ការលើកកម្ពស់គុណភាពអប់រំ, ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទី៥ ការពង្រឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នេះឯង។
សូមជម្រាបថា ដើម្បីលើកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្ដែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការងារអាទិភាពសំខាន់ៗចំនួន៣ រួមមានទី១ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែលមានស្រាប់ ដើម្បីជួយសម្របសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២ ការជំរុញ និងការដោះស្រាយសំណុំរឿងក្ដីនៅតាមតុលាការឱ្យបានឆាប់រហ័ស និងទី៣ ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការសំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្ដីដោយតុលាការ៕អត្ថបទ៖វ៉ន ដារ៉ា





