ក្រុមហាម៉ាស បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) នេះថា មិនចាំបាច់មានសំណើបទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្កាហ្សាទេ ហើយគួរតែដាក់សម្ពាធកាន់តែខ្លាំងលើអ៊ីស្រាអែលវិញដើម្បីយល់ព្រមលើផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលក្រុមអ៊ិស្លាមមួយនេះបានទទួលយករួចហើយ។ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងបង្ហាញសំណើបទឈប់បាញ់ថ្មីមួយក្នុងគោលបំណងបំបែកភាពជាប់គាំងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្យាយាមរារាំងកិច្ចព្រមព្រៀង ដោយទទូចថាអ៊ីស្រាអែល នឹងមិនដកខ្លួនចេញពីច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) នៅភាគខាងត្បូងហ្កាហ្សា នោះទេ។

សេចក្តីថ្លែងការណ៍បានបន្តថា «ក្រុមហាម៉ាស ព្រមានប្រឆាំងនឹងការធ្លាក់ចូលទៅក្នុងអន្ទាក់ និងល្បិចរបស់លោក Netanyahu ខណៈលោកប្រើប្រាស់កិច្ចចរចាដើម្បីអូសបន្លាយប្រតិបត្តិការសឹកប្រឆាំងនឹងប្រជាជនហ្កាហ្សា»។ ក្រុមហាម៉ាសបានបន្ថែមថា ខ្លួនទទួលយកសំណើថ្ងៃទី០២ ខែកក្កដា ដែលដាក់ចេញដោយសហរដ្ឋអាមេរិករួចហើយ។
បញ្ហានៃច្រករបៀង Philadelphia គឺជាចំណុចជាប់គាំងដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធនៅតំបន់ហ្កាហ្សា និងនាំយកចំណាប់ថ្នូរអ៊ីស្រាអែលដែលកាន់កាប់ដោយក្រុមហាម៉ាសមកវិញ។ មនុស្សប្រហែល ១០១នាក់ត្រូវគេជឿថានៅតែជាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា៕