អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) នេះថា ទីក្រុងមូស្គូ នឹងកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ដ្ឋអាមេរិក ប្រឆាំងនឹងទូរទស្សន៍រដ្ឋ RT របស់រុស្ស៊ី។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានដាក់បណ្ដឹងចោទប្រកាន់ពីបទសម្អាតប្រាក់កខ្វក់ប្រឆាំងនឹងបុគ្គលិកទូរទស្សន៍ RT ពីរនាក់ សម្រាប់អ្វីដែលត្រូវបានពិពណ៌នាថាជាគម្រោងជួលក្រុមហ៊ុនអាមេរិកដើម្បីផលិតមាតិកាតាមអ៊ីនធឺណិតក្នុងបំណងជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។

លោកស្រី Zakharova បានពណ៌នាជំហាននេះថាជា «កិច្ចប្រឹងប្រែងទម្លាក់កំហុសដ៏អាក្រក់» ហើយបាននិយាយថាវាមានគោលបំណងបំភ័យប្រជាជនអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះបន្តថា «នឹងមានការឆ្លើយតបទៅនឹងសកម្មភាពរបស់អាជ្ញាធរអាមេរិក ដែលធ្វើការផ្ទុយពីកាតព្វកិច្ចរបស់ពួកគេក្នុងការផ្តល់សិទ្ធិទទួលបានព័ត៌មានដោយសេរី និងពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ»។ លោកស្រីបន្ថែមថា វិធានការរបស់ទីក្រុងមូស្គូ អាចឆ្លុះបញ្ចាំងពីសកម្មភាពទីក្រុងវ៉ាស៊ីនតោន ឬមានទម្រង់ផ្សេងទៀត។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងសន្ទរកថាមួយកាលថ្ងៃចន្ទ (០២ កញ្ញា) សប្ដាហ៍នេះថា លោកខាងលិចកំពុងធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានរុស្ស៊ីដោយបើចំហរ។ រុស្ស៊ីបានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចជាញឹកញាប់ថាដាក់កំហិតដ៏អយុត្តិធម៌លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននៅបរទេស រួមទាំងការហាមប្រាមលើបណ្តាញព័ត៌មានដែលគាំទ្រដោយរដ្ឋមួយចំនួនជាដើម៕