ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) និងសមភាគីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) កាលពីថ្ងៃពុធ បានប្តេជ្ញាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីអេហ្ស៊ីប ទៅកាន់ប្រទេសទួរគី ក្នុងរយៈពេល ១២ឆ្នាំ។

លោក អឺដូហ្កាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ស៊ីស៊ី នៅក្នុងរដ្ឋធានី អង់ការ៉ា (Ankara) ថា៖«យើងនឹងបន្តទំនាក់ទំនងពហុវិស័យរបស់យើងជាមួយអេហ្ស៊ីប ជាមួយនឹងវិធីសាស្រ្តឈ្នះឈ្នះ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ីស៊ី មេដឹកនាំទាំងពីរ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំបើកកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់ ហើយរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់។

លោក អឺដូហ្កាន់ បាននិយាយថា៖«យើងកំពុងឆ្ពោះទៅរកគោលដៅរបស់យើង ក្នុងការបង្កើនទំហំពាណិជ្ជកម្ម ដល់ ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយបានបនថ្ថែមថា មេដឹកនាំទាំងពីរ បានអះអាងពីឆន្ទៈក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម ការពារជាតិ សុខភាព និងថាមពល។
លោកបានបញ្ជាក់ដែរថា ប្រទេសទួរគី ក៏ត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយ អេហ្ស៊ីបក្នុងវិស័យឧស្ម័នធម្មជាតិ និងថាមពលនុយក្លេអ៊ែរ។