នៅវេលាម៉ោងប្រហែល ៧ ព្រឹកថ្ងៃអង្គារ ពលរដ្ឋអេរីត្រម្នាក់ឈ្មោះ Anwar Mansour វ័យ ១៧ឆ្នាំ និងជនអន្តោប្រវេសន៍ប្រមាណជា ៦០នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ បានឡើងជិះទូកងប្រវែង ១០ម៉ែត្រ ពីឆ្នេរមួយនៅភាគខាងជើងប្រទេសបារាំង ហើយបានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏គ្រោះថ្នាក់ សំដៅឆ្ពោះទៅចក្រភពអង់គ្លេស។
ក្រោយធ្វើដំណើរបាន ២ម៉ោង នៅក្នុងសមុទ្រ នាវានោះបានធ្លាយ ហើយទឹកជ្រាបចូល។ ក្នុងរង្វង់ប៉ុន្មាននាទី វាបានលិច ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ដែលនេះជាឧបទ្ទវហេតុមួយ ក្នុងចំណោមឧបទ្ទវហេតុជនអន្តោប្រវេសន៍ឆ្លងកាត់ព្រែកជីកបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ឧបទ្ទវហេតុនេះ ដែលកើតឡើងចំពេលមានការកើនឡើងយ៉ាងឆាប់រហ័សនូវជនអន្តោប្រវេសន៍ ដែលធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ផ្លូវទឹកដ៏មមាញឹកនេះ បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ទាំងទីក្រុងឡុងដ៍ និងប៉ារីស ក្នុងការក្ដោបក្ដាប់យ៉ាងរឹងមាំលើបញ្ហា ដែលមានផលប៉ះពាល់ដល់នយោបាយសំខាន់ៗ នៅក្នុងប្រទេសទាំង២។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ស្ថិតនៅក្រោមសម្ពាធ ដើម្បីបំពេញតាមការសន្យារបស់លោក ក្នុងការ «បំបាត់ក្រុមជនអន្ធពាល» ដែលនាំអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ចក្រភពអង់គ្លេសតាមទូក ហើយលោកបានសន្យាឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជុំវិញបញ្ហានេះជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងកិច្ចពិភាក្សា នៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន។
សារព័ត៌មាន Reuters បានសម្ភាសអ្នករួចជីវិតចំនួន ៨នាក់ ដែលបានត្រឡប់ទៅកន្លែងបោះជំរុំ នៅទីក្រុង Calais របស់បារាំង ជាកន្លែងដែលពួកគេជាច្រើនបានស្នាក់នៅមុនពេលជួបរឿងអកុសលនេះ ហើយបាននិយាយជាមួយជនអន្តប្រសវេសន៍ ដែលត្រូវបានជួយសង្គ្រោះម្នាក់ទៀត នៅឯមន្ទីរពេទ្យក្នុងទីក្រុង Boulogne-Sur-Mer (បូឡូញ ស៊ៀ ម៉េ)។ លោក Mansour បានប្រាប់សារព័ត៌មាន Reuters ថា រូបគេបានចាកចេញពីស្រុកកំណើតរបស់ខ្លួន នៅទីក្រុង Keren ប្រទេសអេរីត្រេ ក្នុងឆ្នាំ២០២១ ដោយសារតែខ្លួនចង់ទទួលបានការអប់រំប្រសើរជាងមុន ហើយនិងមានការព្រួយបារម្ភថា រូបគេនឹងត្រូវបានឲ្យចូលបម្រើយោធា ដូចបងប្រុសរបស់ខ្លួន។
Mansour បាននិយាយថា រូបគេបានបង់ប្រាក់ចំនួន ១.០០០អឺរ៉ូ (១.១០៧ដុល្លារ) សម្រាប់ការឆ្លងកាត់ផ្លូវទឹកនេះដោយផ្ទេរប្រាក់តាមរយៈ Western Union ទៅឲ្យមនុស្សមិនស្គាល់ម្នាក់ នៅចក្រភពអង់គ្លេស។ រូបគេប្រាប់ថា មិនស្គាល់អ្នករត់ពន្ធនោះទេ ហើយអ្នកគ្រប់គ្រងទូក បានបិទបាំងមុខ ដោយបង្ហាញតែប្រឡោះភ្នែកប៉ុណ្ណោះ៕