ទីភ្នាក់ងារវាស់ស្ទង់ពាណិជ្ជកម្មទំនិញ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចេញផ្សាយកាលពីថ្ងៃពុធថា ពាណិជ្ជកម្មទំនិញសកល បានបន្តការងើបឡើងវិញនៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២៤ នេះ ។
ទីភ្នាក់ងារវាស់ស្ទង់ ដែលជាសូចនាករឈានមុខគេមួយសម្រាប់ពាណិជ្ជកម្មទំនិញសកល បានកត់ត្រាពីអំណានចុងក្រោយបំផុតមានតម្លៃលេខ១០៣។ តម្លៃលើសពីលេខ១០០ បង្ហាញពីទំហំពាណិជ្ជកម្មកើនលើស ខណៈតម្លៃក្រោម១០០ បង្ហាញថាពាណិជ្ជកម្មទំនិញ បានធ្លាក់ចុះក្រោមនិន្នាការ ឬទំនងជាធ្លាក់ចុះ នៅក្នុងពេលខាងមុខ។
អង្គការពាណិជ្ជកម្មពិភពលោក(WTO) បាននិយាយថា អំណានលេខ១០៣ បង្ហាញថា កំណើនទំហំពាណិជ្ជកម្មទំនិញ ទំនងជានៅតែមានភាពវិជ្ជមាននៅក្នុងត្រីមាសទីពីរ និងទីបី នៃឆ្នាំនេះ។
ទោះបីជាមានសញ្ញាវិជ្ជមានពីសន្ទស្សន៍វាស់ស្ទង់ក៏ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ទស្សនវិស័យសម្រាប់ពាណិជ្ជកម្មនៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារតែការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះក្នុងតំបន់ដែលនៅបន្ត ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន និងការបញ្ជាទិញនាំចេញខ្សោយ។
យោងតាមអង្គការពាណិជកម្មពិភពលោក(WTO) បានឲ្យដឹងថា ពាណិជ្ជកម្មបានកើនឡើង១ ភាគរយ ក្នុង១ត្រីមាស និង១,៤ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។
ទិន្នន័យថ្មីៗនេះ នៅក្នុងលក្ខខណ្ឌតម្លៃ បង្ហាញពីកំណើនពាណិជ្ជកម្មខ្សោយជាងការរំពឹងទុកនៅក្នុងទ្វីបអឺរ៉ុប ខណៈ បន់ផ្សេងៗទៀត បានជួបប្រទះកំណើនខ្លាំងជាងការរំពឹងទុក។