ចំនួនយុវជនជាច្រើនបានបន្តចុះឈ្មោះដើម្បីទៅបំពេញទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ដែលរាជរដ្ឋាភិបាលបានរៀបចំឡើង។ ការចុះឈ្មោះរបស់ក្រុមយុវជន ពិសេសសិស្សនិស្សិតនេះ គឺធ្វើឡើងក្នុងគោលដៅរួម គឺទៅសិក្សា ទៅមើលពីភាពជាក់ស្ដែងដែលកំពុងកើតមានឡើងនៅតំបន់ទាំងនោះ។
ត្រឹមរយៈពេលប៉ុន្មានថ្ងៃ នៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋជាច្រើនទៀតកំពុងផុសផុលចុះឈ្មោះជាបន្តបន្ទាប់។ សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើន ពីក្រុមយុវជន ពិសេសសិស្សនិស្សិតផងដែរ។ ជាក់ស្ដែង ក្រុមនិស្សិតសិក្សានៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបបួលគ្នាចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន។
ក្រុមនិស្សិតលើកឡើងថា ពួកគេចង់ទៅទស្សនកិច្ចនេះ ដើម្បីសិក្សា និងពិនិត្យមើលពីភាពជាក់ស្ដែង ពីការរីកចម្រើនពីហេដ្ឋារចនាសម្ព័ន្ធ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺបង្គោលព្រំដែន។ ទន្ទឹមការត្រៀមទៅទស្សនកិច្ចនេះពួកគេក៏សំណូមពរទៅយុវជនដទៃ ដែលនៅតែមានមន្ទិលសង្ស័យនានាសូមចុះឈ្មោះដើម្បីទៅពិនិត្យមើលផ្ទាល់ដោយខ្លួនឯ។
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជាក្រសួងសាម៉ី ក្នុងការរៀបចំដំណើរទស្សនកិច្ចនេះ បានលើកឡើងកាលពីថ្ងៃទី៣ ខែកញ្ញាថា ចំនួនអ្នកចុះឈ្មោះរួចរាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។
កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ៕ អត្ថបទ៖ គឹម ហុក
