ប្រទេសឥណ្ឌា និងសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យបន្ទះអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍជំនាញ និងការថែទាំសុខភាព ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេស ដែលមានឈ្មោះដូចទីក្រុង នាថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) នេះ។
លោក Modi ត្រូវបានទទួលដោយសមភាគីសិង្ហបុរី លោក Lawrence Wong និងបានរៀបចំពិធីស្វាគមន៍នៅក្នុងសភាសិង្ហបុរី មុនពេលធ្វើដំណើរចូលរួមកិច្ចពិភាក្សាកម្រិតគណៈប្រតិភូ។
ដោយសាទរ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំង២ ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជាបច្ចេកវិទ្យាឌីជីថល ការថែទាំសុខភាព ដោយប្រើបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) សន្តិសុខតាមអ៊ីនធឺណិត បន្ទះឡិចត្រូនិក និងផ្នែកជាច្រើនទៀត លោក Modi បាននិយាយថា៖ «កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីដែលត្រូវបានបង្កើតឡើង រវាងពួកយើង គឺជាយន្តការត្រួសត្រាយផ្លូវមួយ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងនឹងទៅមើលរោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ក្រុមហ៊ុន AEM Holdings Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី មុនពេលទៅជួបប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam និងចូលរួមកិច្ចប្រជុំតុមូលអំពីធុរកិច្ច នាពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ៕