ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការលំបាកដែលមន្ទីរពេទ្យប្រឈមមុខ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ គឺជាបញ្ហាធ្ងន់ធ្ងរ នៅក្នុងប្រទេសកូរ៉េខាងត្បូងជាយូរមកហើយ ដោយបន្ថែមថា វាជាហេតុផលដ៏សំខាន់សម្រាប់រដ្ឋាភិបាល ក្នុងការជំរុញឲ្យមានកំណែទម្រង់ផ្នែកវេជ្ជសាស្ត្រ ដែលរួមបញ្ចូលការបង្កើនកូតាចូលរៀននៅសាលាពេទ្យ។
ក្តីបារម្ភ បានកើតមានចំពោះប្រព័ន្ធថែទាំសង្គ្រោះបន្ទាន់ជាតិ ដោយសារមន្ទីរពេទ្យជាច្រើន បានកាត់បន្ថយម៉ោងប្រតិបត្តិការនៃបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីទទួលរងការខ្វះបុគ្គលិកពេទ្យ ដែលជាលទ្ធផលនៃការធ្វើកូដកម្មជាបន្តបន្ទាប់ដោយក្រុមគ្រូពេទ្យហាត់ការដែលតវ៉ានឹងផែនការកំណែទម្រង់ផ្នែកវេជ្ជសាស្ត្ររបស់ រដ្ឋាភិបាល។
អនុរដ្ឋមន្ត្រីសុខាភិបាលទី២ លោក Park Min-soo បានប្រាប់អង្គប្រជុំនៅទីស្នាក់ការកណ្តាលនៃវិធានការប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពថា៖«ការលំបាកក្នុងការថែទាំសង្គ្រោះបន្ទាន់ គឺជាបញ្ហាយូរមកហើយនៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រដែលមានស្រាប់។ កំណែទម្រង់ជាមូលដ្ឋាននេះ គឺជាហេតុផលសម្រាប់រដ្ឋាភិបាល ក្នុងការជំរុញឲ្យមានកំណែទម្រង់ផ្នែកវេជ្ជសាស្រ្ត»។ .
គិតត្រឹមថ្ងៃពុធ មន្ទីរពេទ្យចំនួន ៤ ក្នុងនោះមានមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យ Ewha Womans នៅស្រុក Mokdong នៃទីក្រុងសេអ៊ូល និងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Kangwon ក្នុងទីក្រុង Chuncheon បានកាត់បន្ថយម៉ោងប្រតិបត្តិការនៃបន្ទប់សង្គ្រោះបន្ទាន់ ហើយមន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunyang នៅកណ្តាលទីក្រុង Cheonan គ្រោងនឹងផ្អាសេវាថែទាំងសង្គ្រោះបន្ទាន់សម្រាប់ កុមារ។