តំណាងអចិន្ត្រៃយ៍រងទី១របស់រុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិអំពីការរំលោភច្បាប់មនុស្សធម៌របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNស្តីពីមជ្ឈិមបូព៌ាថា៖«អំពើហិង្សា និងភាពគ្មានច្បាប់ កំពុងគ្រប់គ្រងនៅតំបន់ហ្កាហ្សា។ យើងឃើញរបាយការណ៍គួរឲ្យព្រួយបារម្ភអំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដោយភាគីអ៊ីស្រាអែល ដូចជាការវាយប្រហារដោយគ្រាប់ផ្លោងលើក្បួនរថយន្តមនុស្សធម៌ ផ្នូរដ៏ធំរបស់ប្រជាជនប៉ាឡេស្ទីន ជាមួយនឹងដាននៃការធ្វើទារុណកម្ម និងសរីរាង្គ ដែលត្រូវបានកាត់ ចេញ។ ឧប្បត្តិហេតុទាំងនេះ ក៏ដូចជាការស្លាប់របស់ចំណាប់ថ្នូរ គឺចាំបាច់ត្រូវស៊ើបអង្កេតឲ្យបានហ្មត់ចត់ជាអន្តរជាតិ»។
យោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា ចំនួនអ្នកស្លាប់ដោយសារសកម្មភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីដើមខែតុលា ឆ្នាំ ២០២៣ មានលើសពី ៤០.៨០០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ត្រី និងកុមារ។
នៅចុងខែធ្នូ ឆ្នាំ ២០២៣ អាហ្រ្វិកខាងត្បូង បាននាំយកសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)របស់UN ដោយលើកឡើងពីអនុសញ្ញាប្រល័យពូជសាសន៍។ នៅថ្ងៃទី ២៦ ខែមករា តុលាការ ICJ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអំពើប្រល័យពូជសាសន៍ នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ ក្រោយមក តុលាការនេះ បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) និងរក្សាច្រក Rafah ឲ្យបើកចំហសម្រាប់ការបញ្ជូនទំនិញមនុស្សធម៌ ចូលទៅដែនដីប៉ាឡេស្ទីន។