បាត់ដំបង៖ ឋិតក្នុងដំណាក់កាលបើកសាលារៀនឡើងវិញ ហើយគ្រោងរៀបចំឱ្យបេក្ខជនបានប្រឡងមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) នៅខែធ្នូ ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានស្នើអាជ្ញាធរខេត្តបាត់ដំបង គ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមរៀបចំការប្រឡងនេះ ឱ្យទទួលបានជោគជ័យដូចរាល់ឆ្នាំ។
ក្នុងពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា នេះ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើថា ការប្រឡងបាក់ឌុប នឹង ចាប់ផ្ដើមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ឯកឧត្ដម បានស្នើឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរខេត្ត ជាពិសេស កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនធ្វើការងារជាមួយក្រសួងអប់រំ ជួយសម្របសម្រួលការដឹកជញ្ជូនវិញ្ញាសា ពីភ្នំពេញទៅសាលាខេត្ត និងដឹកបន្តទៅតាមមណ្ឌល។
ឯកឧត្ដមបន្តថា ដោយការប្រឡងនេះ ក្នុងមួយថ្នាក់មិនឲ្យមានបេក្ខជនលើស ២០នាក់ ដូច្នេះហើយសូមឲ្យគណៈគ្រប់គ្រងមណ្ឌល នៃការប្រឡងបាក់ឌុបនីមួយៗ ត្រូវមានការយកចិត្តទុកដាក់ ហើយកិច្ចការងារនេះ ក្រសួងអប់រំ នឹងមានកិច្ចប្រជុំជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការជួយសម្របសម្រួលរបស់កងកម្លាំង ហើយក៏ស្នើទៅអាជ្ញាធរខេត្ត ជួយចូលរួមសហការផងដែរ ។
ឯកឧត្តម បានជំរុញឱ្យបេក្ខជន ដែលនឹងចូលរួមប្រឡងបាក់ឌុប នាពេលខាងមុខ ខិតខំរៀនសូត្រ បំប៉នសមត្ថភាពចំណេះដឹង ក្នុងការប្រឡងឱ្យបានជាប់គ្រប់គ្នា បើទោះបីកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ដែរ នោះ។
ពាក់ព័ន្ធនឹងការកំណែទម្រង់ នៅសាកលវិទ្យាល័យបាត់ដំបងវិញ ដែលជាសាលារបស់រដ្ឋ ឯក ឧត្តម ស សុខា បានជំរុញដល់គណៈគ្រប់គ្រងសាលា ត្រូវខិតខំធ្វើយ៉ាងណាឱ្យគ្រប់កម្មវិធីសិក្សា ឬការ រៀបចំរបស់សាលា ប្រកបដោយស្តង់ដារ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឱ្យសាលាឋិតនៅជាយូរអង្វែង។
ឯកឧត្តម សេង ផល្លី អនុប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង បានលើកឡើងថា ដើម្បីឱ្យសាកលវិទ្យាល័យនីមួយៗ អាចដំណើរការដោយរលូន និងប្រកបដោយប្រសិទ្ធភាព ទាមទារអនុ វត្តឱ្យបាននូវចំណុចមួយចំនួន ក្នុងនោះ គណៈគ្រប់គ្រង ត្រូវមានសាមគ្គីភាពគ្នា ត្រូវមានទំនាក់ទំនងកិច្ច សហប្រតិបត្តិការល្អជាមួយដៃគូ ទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្មវិធីសិក្សាច្បាស់លាស់ ការរៀបចំកិច្ចប្រជុំ ឱ្យទៀងទាត់ រួមទាំងលើកយកចំណុចល្អៗរបស់មន្ត្រីក្រោមឱវាទ មកបំពេញបន្ថែមក្នុងចំណុចខ្វះខាត៕ អត្ថបទ៖ បាន សុខរិទ្ធ