អាមេរិក៖ អ្នកទេសចរអវកាសចំនួន ៤នាក់បានបញ្ចប់ការធ្វើដំណើរដ៏គួរឱ្យរន្ធត់របស់ពួកគេ ទៅកាន់គន្លងគោចរកាលពីថ្ងៃសៅរ៍ដោយសុវត្ថិភាព ដោយបានចុះនៅសមុទ្រអាត្លង់ទិចក្បែរឆ្នេរសមុទ្ររដ្ឋ Florida។ យានអវកាស SpaceX របស់ពួកគេបានក្រឡាស់ឆត្រយោងចូលទៅក្នុងមហាសមុទ្រមុនពេលថ្ងៃលិច មិនឆ្ងាយប៉ុន្មានពីកន្លែងដែលការហោះហើរពិសេសរបស់ពួកគេបានចាប់ផ្តើមកាលពី ៣ថ្ងៃមុន។

អវកាសយានិកស្ម័គ្រចិត្តទាំងអស់ គឺជាក្រុមមនុស្សដំបូងដែលបានធ្វើដំណើរជុំវិញពិភពលោក ដោយគ្មានអវកាសយានិកអាជីពអមដំណើរ។ មហាសេដ្ឋីដែលចំណាយប្រាក់រាប់លានដុល្លារសម្រាប់ការធ្វើដំណើរ និងភ្ញៀវ ៣នាក់របស់លោកចង់បង្ហាញថា មនុស្សសាមញ្ញក៏អាចហោះហើរចូលទៅក្នុងគន្លងគោចរដោយខ្លួនឯងបានដែរ ហើយស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានយកពួកគេធ្វើជាអ្នកទេសចរជិះយានចម្លងដំបូងគេរបស់ក្រុមហ៊ុននេះ។ យានចម្លង Dragon capsule ដំណើរការដោយស្វ័យប្រវត្តិទាំងស្រុងរបស់ក្រុមហ៊ុន SpaceX បានឡើងដល់រយៈកម្ពស់ ៥៨៥គីឡូម៉ែត្រដែលជារយៈកម្ពស់ដ៏ខ្ពស់ខុសពីធម្មតា បន្ទាប់ពីការហោះឡើងកាលពីយប់ថ្ងៃពុធ៕
អត្ថបទ៖ សុខមាន