ប្រទេសជប៉ុនបានប្តេជ្ញាពង្រឹងទំនាក់ទំនងយោធាជាមួយអូស្ត្រាលី ក្នុងអំឡុងដំណើរទស្សនកិច្ចកម្រិតខ្ពស់នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) ដោយអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងតូក្យូ ដែលបាននិយាយថា ដៃគូមានគំនិតដូចគ្នា ត្រូវតែរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ លោក Minoru Kihara បានជួបសមភាគីអូស្ត្រាលីរបស់ខ្លួន នៅឯបន្ទាយកងទ័ពចាស់មួយ នៅខាងក្រៅទីក្រុង Melbourne ដោយបានឈានដល់កិច្ចព្រមព្រៀង ស្ដីអំពីកិច្ចសហប្រតិបត្តិការកងទ័ពអាកាសកាន់តែធំឡើងៗ និងពង្រីកសមយុទ្ធយោធា។
ជាមួយគ្នានេះ រដ្ឋមន្ត្រីជាន់ខ្ពស់ទាំងនោះ ក៏បានយល់ព្រមរួមគ្នាជួយដល់ឆ្មាំល្បាតសមុទ្រហ្វីលីពីន ដែលជាប់ក្នុងជម្លោះកាន់តែខ្លាំងឡើងៗ ជាមួយនាវាចិន នៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង។
បន្ទាប់ពីចប់កិច្ចប្រជុំ ដោយពោលសរសើរពី «ភាពជាដៃគូដែលមានគំនិតដូចគ្នា» លោកស្រី Kamikawa បាននិយាយថា៖ «ក្នុងពេលដែលបរិយាកាសសន្តិសុខមានសភាពកាន់តែលំបាកទៅៗ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជប៉ុន-អូស្ត្រាលីឲ្យឡើងដល់កម្រិតថ្មីមួយ»។
គួរបញ្ជាក់ថា ឥទ្ធិពលសេដ្ឋកិច្ច និងយោធាដែលកំពុងតែកើនឡើងរបស់ចិន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការអះអាងសិទ្ធិរបស់ខ្លួន ក្នុងដែនដីមានជម្លោះ បានបង្កភាពមិនស្រណុកចិត្តដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដូចជាជប៉ុន និងអូស្ត្រាលីជាដើម។ ទីក្រុងតូក្យូបានចោទប្រកាន់ប្រទេសចិនថា មានចេតនាបើកនាវាកងទ័ពជើងទឹកឆ្លងកាត់ដែនទឹករបស់ខ្លួន និងហោះហើរយន្តហោះស៊ើបការណ៍ចូលទៅក្នុងដែនអាកាសរបស់ខ្លួន៕