បាល់ទាត់៖ ខ្សែប្រយុទ្ធកាមេរ៉ូន Nkene Emmanuel Junior ប្អូនប្រុសបង្កើតកីឡាករ Privat បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងទទួលបាន ៣ពិន្ទុពេញសម្រាប់ការបង្ហាញវត្តមានលើកដំបូងរបស់ខ្លួន បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យក្រុមលោក Conor Nestor ឡើងទៅឈរកំពូលតារាងបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជាសប្ដាហ៍ទី១៤។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ ក្រុមខ្លាំងទាំងពីរបានធ្វើការវាយសម្រុកគ្នាពេញ ៩០នាទី តែមានគ្រាប់បាល់កើតឡើង ១គ្រាប់ប៉ុណ្ណោះដែលធ្វើសម្រេចដោយកីឡាករ Nkene Emmanuel Junior បន្ទាប់ពីទទួលបាល់បញ្ជូនពីបងប្រុសរបស់ខ្លួនយ៉ាងល្អនៅនាទី៨៥។ រីឯក្រុមភ្នំពេញក្រោនបានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីបង្កើតឱកាសច្រើនលើក តែធ្វើមិនបានសម្រេច។

ព្រះខ័នរាជស្វាយរៀងបានក្លាយជាក្លិបដំបូងគេ ដែលបានផ្ដល់នូវការបរាជ័យដល់ក្រុមភ្នំពេញក្រោនក្នុងរដូវកាលនេះ ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរបានប្រកួតស្មើគ្នា ៣-៣ នៅទឹកដី Smart RSN។ ជាមួយការបន្ថែម ៣ពិន្ទុនេះដែរបានធ្វើឲ្យក្រុមជើងឯករងឆ្នាំចាស់នេះ ឡើងមកឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ២៨ពិន្ទុស្មើវិសាខា ភ្នំពេញក្រោន និងណាហ្គាវើលដ៏ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតឈ្នះ៩ ស្មើ១ និងចាញ់៣៕
អត្ថបទ៖ លី ឈុនឡា