ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួន បានជួបជុំគ្នានៅទីធ្លាមន្ទីរពេទ្យ Al-Aqsa ស្ថិតក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សាស្រ្ទីប នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកទ្រព្យសម្បត្តិ និងធ្វើពិធីលាគ្នាជាលើកចុងក្រោយដល់មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសនេះ បានសម្លាប់ជនប៉ាឡេស្ទីន ៥នាក់ ។
ជនរងគ្រោះ ស្ថិតនៅក្នុងជម្រកសំពត់តង់ក្នុងមន្ទីរពេទ្យ ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ដែលផ្តល់ជាជម្រកសម្រាប់ជនភៀសខ្លួន ។
លោក Iqbal Al-Zeidi គឺជាពលរដ្ឋហ្កាហ្សាស្នាក់នៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Aqsa និយាយថា ពួកយើងជ្រកកោនបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យ Al-Aqsa ជាកន្លែងដែលពួកយើងគិតថា វាជាកន្លែងដែលមានសុវត្ថិភាព ។
ចំណែកឯលោក Asmaa Dabbash គឺជាពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនម្នាក់ទៀត បានអំពាវនាវឲ្យបញ្ចប់សង្រ្គាម ។
លោក Dabbash និយាយថា ជនប៉ាឡេស្ទីនលែងអាចទប់ទល់បានទៀតហើយ វាល្មមគ្រប់គ្រាន់ហើយ ពួកយើងលែងមានភាពអត់ធ្មត់តទៅទៀតហើយ ។
យោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារតាមច្រកអាកាសនេះ លើមជ្ឈមណ្ឌលបញ្ជាការនៅទីនោះ ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់ និងក្រុមជីហាដ ដែលមានគម្រោងវាយប្រហារដោយផ្ទាល់លើកងកម្លាំងអ៊ីស្រាអែល ៕


