មន្ត្រីទីក្រុងរ៉ូម បានប្រាប់ឲ្យដឹងថា ទីក្រុងនេះកំពុងពិចារណាកំណត់ការចូលទៅកាន់ទីកន្លែងប្រភពទឹក Trevi ដែលជាវិមានមួយក្នុងចំណោមស្នាដៃស្ថាបត្យកម្មដ៏មមាញឹកបំផុតរបស់ទីក្រុងនេះ នៅមុនឆ្នាំដែលត្រូវបានរំពឹងទុកដ៏ធំ សម្រាប់វិស័យទេសចរណ៍ នៅក្នុងទីក្រុងដែលមានឈ្មោះក្រៅថា ទីក្រុងគ្មានទីបំផុត។
រដ្ឋធានីរបស់ប្រទេសអ៊ីតាលីមួយនេះ កំពុងរៀបចំធ្វើម្ចាស់ផ្ទះពិធីបុណ្យ Jubilee ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍អ្នកកាន់សាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិករយៈពេល ១ឆ្នាំ ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញបានភ្ញៀវទេសចរ និងអ្នកធម្មយាត្រាចំនួន ៣២លាននាក់។
នៅក្រោមគម្រោងព្រាងឡើងនេះ ការចូលទៅកាន់ទីកន្លែងប្រភពទឹកនេះ នឹងតម្រូវឲ្យកក់ទុកមុន ដោយមានពេលវេលា និងចំនួនកំណត់ ចំពោះមនុស្សដែលត្រូវបានអនុញ្ញាតឲ្យចូលទៅដើរនៅជុំវិញកន្លែងទេសចរណ៍នេះ។
ទីប្រឹក្សាទេសចរណ៍របស់ទីក្រុងរ៉ូម លោក Alessandro Onorato នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា) នេះ បានប្រាប់សារព័ត៌មាន Il Messaggero ថា៖ «សម្រាប់អ្នកស្រុកទីក្រុងរ៉ូម យើងកំពុងគិតអំពីការចូលទីកន្លែងនេះដោយឥតគិតថ្លៃ ខណៈដែលអ្នកមិនមែនជាអ្នករស់នៅទីនេះ នឹងត្រូវបានស្នើឲ្យធ្វើការរួមវិភាគទាននិមិត្តរូបនូវប្រាក់ ១ ឬ ២អឺរ៉ូ (១,១-២,២ដុល្លារ)»។
កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) អភិបាលក្រុង លោក Roberto Gualtieri បានហៅវិធានការទប់ស្កាត់ចំនួនភ្ញៀវទេសចរនេះថា ជា «លទ្ធភាពជាក់ស្តែងណាស់»៕