ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេស និងអង្គការអន្តរជាតិចំនួន៧៥ បានយល់ព្រមលើ «ទស្សនៈវិស័យរួមគ្នា» នៃវិធានការ ដើម្បីធានាការផ្គត់ផ្គង់ដោយមិនមានការរំខាន ចំពោះផលិតផលកសិកម្មរបស់អ៊ុយក្រែន និងជួយដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលជាកង្វល់ដ៏ធំមួយ បន្ទាប់ពីមាននូវការលុកលុយរបស់រុស្ស៊ី នៅឆ្នាំ២០២២។
ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា កិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតនៃតំណាងប្រទេស និងអង្គការនានា ដែលត្រូវបានធ្វើឡើងជាការតាមដានដល់កិច្ចប្រជុំកំពូលសន្តិភាពដែលប្រទេសស្វីសធ្វើជាម្ចាស់ផ្ទះ កាលពីខែមិថុនា ក៏បានប្តេជ្ញាចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តច្បាប់អន្តរជាតិ។
អ៊ុយក្រែន គឺជាប្រទេសផលិតស្រូវសាលី និងពោតដ៏សំខាន់មួយ ហើយអង្គការសហប្រជាជាតិ បាននិយាយថា មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក មានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងភាពអត់ឃ្លាន ដោយសារផលប៉ះពាល់ពីតម្លៃអាហារ។
ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែន បានទទួលរងការវាយប្រហារជាញឹកញាប់ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានដកខ្លួន កាលពីឆ្នាំមុនចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដែលបានជួយធានាដល់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាព។
តែយ៉ាងណាក្ដី ការស្តារឡើងវិញនូវភស្តុភារកម្ម តាមរយៈកំពង់ផែក្នុងតំបន់ Odesa ភាគខាងត្បូងបានជួយឲ្យការដឹកជញ្ជូនងើបឡើងវិញ។ អ៊ុយក្រែនបាននិយាយថា ខ្លួនបាននាំចេញគ្រាប់ធញ្ញជាតិ ប្រេងបន្លែ និងគ្រាប់ធញ្ញជាតិចម្រាញ់ប្រេងចំនួន ៦៩,៨៦លានតោន សម្រាប់រយៈពេលពេញទាំងរដូវកាល ២០២៣-២០២៤៕