ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោក Michel Barnier ជានាយករដ្ឋមន្រ្តីថ្មី រយៈពេលជិត ២ខែក្រោយការបោះឆ្នោតមុនអាណត្តិបារាំង បញ្ចប់ទៅទាំងភាពជាប់គាំងផ្នែកនយោបាយ ។
លោក Barnier វ័យ ៧៣ឆ្នាំ គឺជាអតីតប្រធានក្រុមចរចា Brexit របស់សហភាពអឺរ៉ុប ហើយនិងបានដឹកនាំការជជែកពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស ចន្លោះឆ្នាំ ២០១៦ និងឆ្នាំ ២០១៩ ។

ក្នុងនាមជាអ្នកនយោបាយជើងចាស់ម្នាក់របស់គណបក្សសាធារណរដ្ឋ LR និយមស្តាំ លោក Barnier មាននូវអាជីពនយោបាយរយៈពេលយូរ និងធ្លាប់កាន់តំណែងកំពូលៗជាច្រើន រួមទាំងនៅបារាំង និងនៅសហភាពអឺរ៉ុប ។
បច្ចុប្បន្ន លោកត្រូវតែបង្កើតរដ្ឋាភិបាល ត្រូវការស្រោចស្រង់រដ្ឋសភា ដែលបែងចែកជាប្លុកនយោបាយធំៗចំនួន ៣ ដោយគ្មានប្លុកណាមួយអាចបង្កើតសំឡេងភាគច្រើនច្បាស់លាស់បាន ។

កាលពីរយៈពេល ៣ឆ្នាំមុន លោក Barnier និយាយថា លោកចង់ប្រកួតប្រជែងជាមួយលោក Macron សម្រាប់តំណែងប្រធានាធិបតី ដោយលោកនិយាយថា លោកចង់កម្រិត និងគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍ ប៉ុន្តែចុងក្រោយ លោកមិនអាចទទួលបានការជ្រើសតាំងជាបេក្ខជនពីគណបក្សរបស់លោក ៕
