យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងជំងឺអុតស្វា(mpox) ដំបូង បានចុះចតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។ កុងហ្គោ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអុតស្វា ដែលជំរុញឱ្យអង្គការសហប្រជាជាតិ ប្រកាសគ្រាអាសន្នសុខភាពសាធារណៈជាសកល។

មន្ត្រីសហភាពអឺរ៉ុប ម្នាក់បាននិយាយថា ការដឹកជញ្ចូនលើកដំបូងមានចំនួន ៩៩.០០០ ដូស ផលិតដោយក្រុមហ៊ុន Bavarian Nordic។
វ៉ាក់សាំង ត្រូវបានផ្តល់ជំនួយដោយសហភាពអឺរ៉ុប។ លោក និយាយថាការដឹកជញ្ជូនជើងផ្សេងទៀតនៅថ្ងៃសៅរ៍ នឹងនាំមកនូវចំនួនសរុបដល់ ២០០.០០០ដូស ក្នុងគោលបំណងដើម្បីទទួលបាន វ៉ាក់សាំង៥៦៦.០០០ដូស ទៅកាន់កន្លែងណាដែលត្រូវការច្រើនបំផុតនៅក្នុងតំបន់។

ដោយកង្វះវ៉ាក់សាំងជំងឺអុតស្វា(mpox) នៅក្នុងទ្វីបអាហ្រ្វិក បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជំងឺដែល អាចបណ្តាលឲ្យស្លាប់បាន។
ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសកុងហ្គោ នឹងចាប់ផ្តើមដោះស្រាយវិសមភាពដ៏ធំដែលបានធ្វើឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក គ្មានលទ្ធភាពទទួលបានវ៉ាក់សាំងចំនួនពីរដូសដែលត្រូវបានប្រើប្រាស់នៅក្នុងការផ្ទុះឡើងជំងឺកាលពីឆ្នាំ២០២២ ខណៈវ៉ាក់សាំងអាចត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និយាយថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា។
វានឹងផ្តល់ពេលវេលាដើម្បីអនុវត្តយុទ្ធនាការបង្កើនការយល់ដឹង ដើម្បីជម្នះការមិនទុកចិត្ត នៅក្នុងសហគមន៍ មួយចំនួន។