កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៦នាក់ នៅក្រុង Tubas និងនៅជំរំជនភៀសខ្លួននៅក្បែរនោះក្នុងតំបន់កាន់កាប់ West Bank កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រតិបត្តិការដ៏ធំនៅក្នុងដែនដីនេះ បានអូសបន្លាយចូលដល់សប្តាហ៍ទីពីរ។

ឧបទ្ទហេតុនេះ បានកើតឡើង អំឡុងពេលការវាយឆ្មក់នៅទីតាំងផ្សេងៗគ្នានៃតំបន់ West Bank ដែលចូលរួមពីទាហាន នគរបាល និងមន្ត្រីចារកម្មរាប់រយនាក់ ត្រូវបានគាំទ្រដោយឧទ្ធម្ភាគចក្រ យានដ្រូន និងរថពាសដែក ជាសកម្មភាពយោធាធំបំផុតរបស់អ៊ីស្រាអែលនៅក្នុងដែនដីនេះ ក្នុងរយៈពេលច្រើនខែមកហើយ។
នៅក្រុង Tubas ជាទីក្រុងមួយនៅភាគខាងជើងជ្រលងភ្នំហ្ស៊កដានី ជាកន្លែងដែលមនុស្ស១០នាក់ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន មានអ្នកកាន់ទុក្ខរាប់រយនាក់បានមកចូលរួមពិធីបុណ្យសព រួមទាំងជនប្រដាប់អាវុធរាប់សិបនាក់ ដែលបានបាញ់កាំភ្លើងទៅលើអាកាស។
យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដោយយានដ្រូនចំនួនបីលើក បានធ្លាក់ទៅលើទីតាំងក្រុមសកម្មប្រយុទ្ធ ដែលបានបង្កការគំរាមកំហែងដល់ទាហាននៅក្នុងក្រុង Tubas ។