ល្បឿនខ្យល់ និងភ្លៀងធ្លាក់ដ៏ខ្លាំងក្លាពីព្យុះទីហ្វុង យ៉ាហ្គី (Yagi) បានឆ្ពោះទៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ (០៦ កញ្ញា) នេះ ដោយនាំឱ្យបិទសាលារៀនរយៈពេលពីរថ្ងៃ ហើយជើងហោះហើរជាច្រើនត្រូវបានលុបចោល ខណៈព្យុះដ៏ខ្លាំងបំផុតមួយដែលបានវាយលុកអាស៊ីក្នុងឆ្នាំនេះ បានត្រៀមបោកបក់ដល់ដីតាមបណ្តោយតំបន់ឆ្នេរត្រូពិចរបស់កោះ ហៃណាន (Hainan)។

ជាមួយនឹងកម្លាំងខ្យល់កន្រ្តាក់អតិបរមា ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Yagi ត្រូវបានចុះឈ្មោះជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតទីពីររបស់ពិភពលោកក្នុងឆ្នាំ២០២៤ មកទល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរាអាត្លង់ទិក ប្រភេទទី៥ ប៊ឺរៀល (Beryl)។

ដោយមានកម្លាំងខ្លាំងជាងទ្វេដងចាប់តាំងពីការបំផ្លិចបំផ្លាញនៅភាគខាងជើងហ្វីលីពីនកាលពីដើមសប្តាហ៍នេះមក ព្យុះ Yagi ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីតាមបណ្តោយឆ្នេរសមុទ្ររបស់ចិន ចាប់ពីតំបន់ វិនឆាង (Wenchang) លើកោះហៃណាន រហូតដល់តំបន់លីចូវ (Leizhou) ក្នុងខេត្តក្វាងតុង (Guangdong) ចាប់ពីរសៀលថ្ងៃសុក្រ។

ខ្យល់ និងភ្លៀង ត្រូវបានអមដោយផ្គរលាន់ និងផ្គររន្ទះបានវាយប្រហារពាលពេញតំបន់ទាំងនេះពេញមួយយប់ថ្ងៃព្រហស្បតិ៍ និងនៅព្រឹកថ្ងៃសុក្រនេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា អាកាសយានដ្ឋានចំនួន៤ នៅភាគខាងជើងរបស់ប្រទេស រួមទាំងអន្តរជាតិ ណូយបៃ (Noi Bai) របស់ទីក្រុងហាណូយ នឹងត្រូវបិទនៅថ្ងៃសៅរ៍ ដោយសារខ្យល់ព្យុះ។
បណ្ដាញដឹកជញ្ជូនឆ្លងកាត់ភាគខាងត្បូងប្រទេសចិន ភាគច្រើនត្រូវបានបិទនៅពីថ្ងៃសុក្រ ជាមួយនឹងជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅក្នុង ហៃណាន ក្វាងតុង ហុងកុង និងម៉ាកាវ។ ច្រកឆ្លងកាត់សមុទ្រវែងជាងគេលើពិភពលោក ដែលជាស្ពានសំខាន់តភ្ជាប់ហុងកុងជាមួយម៉ាកាវ និងជូហៃ (Zhuhai) ក្នុងខេត្តក្វាងតុង ក៏ត្រូវបានបិទផងដែរ៕