សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែកញ្ញា ថា សហរដ្ឋអាមេរិក បានធានាពីការដោះលែងអ្នកទោសនយោបាយចំនួន១៣៥នាក់ នៅក្នុងប្រទេសនីការ៉ាហ្គ័រ ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌ ហើយពួកគេនឹងទៅកាន់ប្រទេសកាតេម៉ាឡា មុនពេលស្វែងរកចំណាត់ការផ្លូវច្បាប់ ទៅកាន់សហរដ្ឋអាមេរិក ឬប្រទេសដទៃទៀត។

សហរដ្ឋអាមេរិក និងកាតេម៉ាឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការដោះលែងនេះ ធ្វើឡើងបន្ទាប់ពី «ការចរចាជាច្រើនខែ រវាងសហរដ្ឋអាមេរិក និងប្រទេសនីការ៉ាហ្គ័រ»។
សេតវិមាន និយាយថា អ្នកដែលត្រូវបានដោះលែងទាំងអស់សុទ្ធតែជាពលរដ្ឋនីការ៉ាហ្គ័រ ហើយរួមមានសមាជិកនៃអង្គការផ្សាយគម្ពីសាសនាគ្រឹស្ត អ្នកកាន់សាសនាកាតូលិក និងនិស្សិត។
កាលពីឆ្នាំមុន អ្នកទោសនយោបាយនីការ៉ាហ្គ័រជាង ២០០នាក់ ត្រូវបានដោះលែង និងបានធ្វើដំណើរដោយយន្តហោះទៅកាន់សហរដ្ឋអាមេរិក។ នៅពេលនោះ ប្រធានាធិបតី លោក Daniel Ortega ដែលបានចាប់ផ្តើមការបង្ក្រាបលើការមិនពេញចិត្តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានពណ៌នាការដោះលែងនេះថាជាការជំរុញមួយដើម្បីបណ្តេញឧក្រិដ្ឋជន ដែលកំពុងធ្វើឲ្យអន្តរាយដល់ប្រទេសនីការ៉ាហ្គ័រ។
អ្នកដែលត្រូវបានដោះលែងនឹងស្នាក់នៅក្នុងប្រទេសកាតេម៉ាឡា ជាកន្លែងដែលពួកគេនឹងមានឱកាសស្នើសុំទៅប្រទេសផ្សេងៗដោយស្របច្បាប់។
សហរដ្ឋអាមេរិក បានផ្តល់ការដឹកជញ្ជូន ផ្តល់អាហារ និងផ្តល់កន្លែងស្នាក់នៅ ដល់ពួកគេ។