ចៅក្រមអាមេរិកមួយរូបកាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) បានចោទប្រកាន់ក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ពីការព្យាយាមមិនផ្ដល់ភស្តុតាងថ្មីដែលបញ្ជាក់ភាពស្អាតស្អំជុំវិញកិច្ចខិតខំប្រឹងប្រែងបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ របស់លោកជាសាធារណៈនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ខណៈពេលទទួលស្គាល់ថាបណ្ដឹងនេះនឹងមិនចូលក្នុងដំណើរការកាត់ក្តីមុនការបោះឆ្នោតនោះទេ។

ចៅក្រមតំបន់របស់អាមេរិក លោកស្រី ថានយ៉ា ឈុតខាន (Tanya Chutkan) ក៏បានផ្តល់ឱ្យរដ្ឋអាជ្ញានូវអ្វីដែលទំនងជាឱកាសចុងក្រោយរបស់ពួកគេក្នុងការបង្ហាញភស្តុតាងបន្ថែមនៅក្នុងសំណុំរឿងនេះមុនការបោះឆ្នោត ដោយបញ្ជាឱ្យរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដែលជាអ្នកដាក់បណ្ដឹងប្រឆាំងនឹងលោក Trump ត្រូវឆ្លើយតបនៅថ្ងៃទី២៦ ខែកញ្ញា ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដែលថាអតីតប្រធានាធិបតីរូបនេះមានអភ័យឯកសិទ្ធិទូលំទូលាយពីការកាត់ទោសព្រហ្មទណ្ឌ។

លោក ថូម៉ាស វីនដឹម (Thomas Windom) រដ្ឋអាជ្ញានៅក្នុងការិយាល័យរបស់លោក Smith បានប្រាប់ចៅក្រម Chutkan ថា ក្រុមរដ្ឋអាជ្ញាត្រៀមបង្ហាញភស្តុតាងថ្មីដែលមានសក្តានុពលនៅក្នុងឯកសាររបស់ពួកគេដើម្បីជជែកវែកញែកថា បទចោទដែលនៅសេសសល់របស់ពួកគេប្រឆាំងនឹងលោក Trump មិនត្រូវបានប៉ះពាល់ដោយសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់នោះទេ ហើយគួរតែបន្តដំណើរការកាត់ក្តី។

លោក Trump ដែលមិនបានចូលរួមសវនាការនោះ បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទព្រហ្មទណ្ឌចំនួន ៤ករណី ដែលចោទប្រកាន់លោកថាបានប្រើការអះអាងមិនពិតលើការក្លែងបន្លំសន្លឹកឆ្នោតដើម្បីបង្ខូចលទ្ធផលឆ្នោត និងរារាំងការបញ្ជាក់ពីបរាជ័យរបស់លោកទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) កាលពីឆ្នាំ២០២០៕