សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងផ្តោតលើការបង្រៀនកុមារឱ្យចេះពីការប្រតិបត្តិសាសនា។ ជាក់ស្ដែងសាលារៀនរៀនខ្លះ បានបង្រៀនកុមារឱ្យចេះ ពីពិធីរាប់បាត្រ វេរចង្ហាន់ជូនព្រះសង្ឃ ស្របពេលដែលពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌ ខិតចូលមកដល់នាពេលខាងមុខ។

សាលារៀនមួយចំនួន ពិសេសសាលាកម្រិតបឋមសិក្សា បានផ្តោតការយកចិត្តទុកដាក់ទាំងការបណ្ដុះបណ្ដាលចំណេះដឹង និងបំណិនពីការរស់នៅ ក៏ដូចជាការប្រតិបត្តិសាសនា ដើម្បីឱ្យកុមារស្វែងយល់តាំងពីវ័យក្មេង។
សម្រាប់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដីហ៊ុន នាងព្រែកកំពឹស បានតម្រូវឱ្យមានការបង្រៀនគ្រប់ថ្នាក់រៀន ពីការប្រតិបត្តិសាសនា។ ជាក់ស្ដែង នៅថ្ងៃនេះ លោក ផុន ណាត ជានាយកសាលា បាននិមន្តព្រះសង្ឃដើម្បីរៀបចំពិធីរាប់បាត្រ វេរចង្ហាន់ ដែលជាឱកាសសម្រាប់កុមារអាចចូលរួមប្រតិបត្តិដោយផ្ទាល់។

លោកនាយកសាលា លើកឡើងថាវាជាភាពចបាច់ ដែលត្រូវបង្រៀនកុមារពីការធ្វើបុណ្យ បង្រៀនឱ្យចេះប្រតិបត្តិសាសនាតាំងពីវ័យកុមារបែបនេះ។
សម្រាប់កុមារ ក៏បានបង្ហាញជាការពេញចិត្តផងដែរ។ ពួកគេលើកឡើងថា នឹងយកអ្វីដែលពួកគេបានសិក្សា ទៅអនុវត្តផ្ទាល់នៅវត្តអារាម ពិសេសសម្រាប់ឱកាស កាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។

យោងតាមប្រតិទិន ពិធីបុណ្យកាន់បិណ្ឌ នឹងប្រព្រឹត្តិទៅចាប់ផ្ដើមពីថ្ងៃ ទី១៨ ខែកញ្ញានេះ។ ពិធីបុណ្យនេះគឺជាទំនៀមទំលាប់ ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ្ធនឹងអញ្ជើញនាំយកចង្ហាន់ទៅតាមវត្តអារាម ដើម្បីវេរប្រគេនជូនព្រះសង្ឃ ឧទ្ទិសជូនជីដូនជីតា សាច់ញ្ញាតិ ដែលបានចែកឋានទៅ។ ការរាប់បាត្រ ក៏ជាសកម្មភាពសំខាន់ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ៕ អត្ថបទ គឹមហុក





