
ភ្នំពេញ៖ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន តាមរយៈអង្គការយូនីសេហ្វ បានផ្តល់ជូនបរិក្ខារប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាវ៉ាក់សាំង ចំនួន ២១គ្រឿង ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-19។
ពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុនជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-19 ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូត នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា, នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-19 ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-19 ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាស្រ្តាចារ្យ អេង ហួត បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន តាមរយៈអង្គការយូនីសេហ្វ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។
ឯកឧត្តម រដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសជប៉ុន គឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្នដែលយើង បាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញ វិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕




