លោក អេអាមែន សាហ្វាឌី (Ayman Safadi) រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ុនប៉ងណាមួយ ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនពីតំបន់វេសបែង ទៅកាន់ប្រទេសហ្ស៊កដានី នឹងត្រូវបានចាត់ទុកថា ជា «ការប្រកាសសង្រ្គាម» ដែលប្រទេសរបស់លោក នឹងឆ្លើយតបតាមនោះ។

លោករដ្ឋមន្ត្រី បានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោកស្រី អានណាឡេណា បែបក់ ( Annalena Baerbock) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ច។

លោក សាហ្វាឌី បានអំពាវនាវឲ្យអាល្លឺម៉ង់ដាក់ទណ្ឌកម្មលើអ៊ីស្រាអែលជុំវិញការបន្តឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែចាត់វិធានការច្បាស់លាស់ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលអ៊ីស្រាអែល និងមន្ត្រីដែលផ្សព្វផ្សាយការស្អប់ខ្ពើម ញុះញង់ឲ្យមានអំពើហិង្សា បង្ហាញពីភាពត្រឹមត្រូវនៃការសម្លាប់មនុស្សស្លូតត្រង់ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។
លោក សាហ្វាឌី ក៏បានបញ្ជាក់ផងដែរថា ប្រទេសហ្ស៊កដានី នឹងមិនបញ្ជូនទាហានរបស់ខ្លួនជាផ្នែកនៃកម្លាំងអន្តរជាតិ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបនោះទេ ហើយក៏មិនទទួលយកវិធីសាស្រ្តណាមួយ ដែលចាត់ទុកហ្កាហ្សា ជាអង្គភាពដាច់ដោយឡែកពីតំបន់វេសបែងដែរ។