ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា យោធាកំពុងដាក់ពង្រាយប្រព័ន្ធប្រឆាំងយានដ្រូនរួមបញ្ចូលគ្នា នៅក្នុងទីតាំងជាច្រើននៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយយានដ្រូនពីប្រទេសកូរ៉េខាងជើង។

ការសម្រេចនេះ កើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង បានជំរុញឲ្យពង្រឹងសមត្ថភាពឆ្លើយតបដោយយានដ្រូនរបស់ខ្លួន បន្ទាប់ពីយានដ្រូនរបស់កូរ៉េខាងជើងចំនួន ៥គ្រឿង បានឆ្លងកាត់ព្រំដែន ក្នុងខែធ្នូ ឆ្នាំ ២០២២ ដោយក្នុងនោះមានមួយគ្រឿង បានចូលដល់ទីក្រុងសេអ៊ូល។ យោធា បានបរាជ័យក្នុងការស្ទាក់ចាប់យានដ្រូនណាមួយ ដោយជំរុញឲ្យបង្កើនការត្រៀមខ្លួនជានិច្ច។
មន្ត្រីក្រសួងការពារជាតិម្នាក់ បាននិយាយថា៖«ប្រព័ន្ធរួមបញ្ចូលគ្នាប្រឆាំងយានដ្រូននេះ កំពុងដំណើរការនៅក្នុងទីតាំងសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយយានដ្រូនរបស់កូរ៉េខាងជើង»។
ប្រព័ន្ធរួមបញ្ចូលគ្នានេះ មានឧបករណ៍ជាច្រើន រួមទាំងរ៉ាដា និងឧបករណ៍ចាប់សញ្ញាយានដ្រូន ដែលធ្វើឲ្យវាមានសមត្ថភាពក្នុងការស្វែងរក តាមដាន និងបាញ់ទម្លាក់យានដ្រូន។

យោធាត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់ពង្រាយប្រព័ន្ធប្រហែល ២០គ្រឿង ទៅកាន់អង្គភាពមួយចំនួន ក្រោមបញ្ជាការដ្ឋានការពាររដ្ឋធានី និងអ្នកផ្សេងទៀត ដែលទទួលបន្ទុកការពារតំបន់សំខាន់ៗ។
នាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានជំរុញឲ្យបង្កើនសមត្ថភាពយានដ្រូនរបស់ខ្លួន ដោយមេដឹកនាំ គីម ជុងអ៊ុន បានមើលការខុសត្រូវលើការសាកល្បងសមត្ថភាពយានដ្រូ វាយប្រហារអត្តឃាត កាលពីខែមុន។