អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃព្រហស្បតិ៍ បានចេញការអំពាវនាវជាបន្ទាន់មួយសុំជំនួយទឹកប្រាក់ ១៣,៣ លានដុល្លារអាមេរិក ដើម្បី«ជួយមនុស្សរាប់ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅប្រទេសយេម៉ែន។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ IOM ទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងខ្យល់ព្យុះដ៏ខ្លាំងក្លា នៅក្នុងប្រទេសយេម៉ែន បានបង្កឲ្យប៉ះពាល់ដល់មនុស្សជិត ៥៦៣.000 ហើយការអំពាវនាវនេះ មានគោលបំណងផ្តល់ជំនួយសង្គ្រោះជីវិតជាបន្ទាន់សម្រាប់អ្នកដែលរងផលប៉ះពាល់ទាំងនោះ។
លោក Matt Huber ប្រធានស្តីទីនៃបេសកកម្មរបស់អង្គការ IOMនៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ប្រទេសយេម៉ែន កំពុងប្រឈមមុខនឹងដំណាក់កាលដ៏បំផ្លិចបំផ្លាញមួយផ្សេងទៀត នៅក្នុងវិបត្តិមិនចេះឈប់ឈររបស់ខ្លួន ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារជម្លោះនិងព្រឹត្តិការណ៍អាកាសធាតុយ៉ាងធ្ងន់ធ្ងរ»។

យោងតាមអង្គការសហប្រជាជាតិ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ និងទឹកជំនន់ បានបង្កការបំផ្លិចបំផ្លាញនៅក្នុងខេត្តជាច្រើនក្នុងប្រទេសយេម៉ែនរួមមានខេត្ត Ibb, Sanaa, Marib, Hodeidah និង Taiz។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសនេះ បានបំផ្លាញផ្ទះសម្បែង ជម្លៀសប្រជាជនរាប់ពាន់គ្រួសារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងមណ្ឌលសុខភាព សាលារៀន និងផ្លូវថ្នល់ផងដែរ។